(កណ្តាល)៖ មន្រ្តីនគរបាលចរាចរណ៍ម្នាក់ត្រូវបានបុរសម្នាក់បើកម៉ូតូសណ្តោងរឺម៉កដឹកកម្មករ បុកដួលផ្ងារពោះរងរបួសក្បាល ពេលកំពុងឈរអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅលើផ្លូវជាតិលេខ១ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៥១ និងលេខ៥២ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល នាវេលាម៉ោង ៥៖០៥នាទីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។
មន្រ្តីនគរបាល បានឲ្យដឹងថា នៅម៉ោងកើតហេតុ ជនរងគ្រោះជាមន្រ្តីនគរបាល បាននិងកំពុងស្ថិតនៅចំណុចកើតហេតុ ដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ត្រួតពិនិត្យជាតិអាល់កុល និងការបើកបរមិនពាក់មួកសុវត្ថិភាព ស្រាប់តែម៉ូតូរឺម៉កបង្ក បានបើកដឹកកម្មករ ក្នុងល្បឿនលឿន ហើយមិនប្រយត្ន័ ជ្រុលទៅបុកជនរងគ្រោះបណ្ដាលឲ្យដួលផ្ងារពោះ បោកទៅលើថ្នល់រងរបួសចំក្បាល។
សមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីអ្នកបើកម៉ូតូរឺម៉កធ្វេសប្រហែសមិនមើលស្ថានភាពផ្លូវខាងមុខ ទើបបណ្ដាលឲ្យបុកទៅលើជនរងគ្រោះ ពោលរូបគេគ្មានចេតនាប្រឆាំងការអនុវត្តន៍ច្បាប់របស់មន្រ្តីនគរបាលនោះឡើយ។
មន្រ្តីនគរបាលរងគ្រោះ មានឈ្មោះ ហ៊ីង សុផល អាយុ ៥០ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកតាពៅ ឃុំដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនបង្កឈ្មោះ ឆាយ លីពិសទ្ធិ អាយុ ២៥ឆ្នាំ មានទីលំនៅក្នុងភូមិអំពិលទឹក ឃុំកំពងភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
ក្រោយកើតហេតុសម្ថកិច្ច បានយកជនរងគ្រោះទៅកាន់មន្ទីពេទ្យ។ រីឯជនបង្កត្រូវបានឃាត់ខ្លួន យកទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕