(កណ្ដាល)៖ ម្ចាស់ទីតាំងច្រក វេចខ្ចប់ និងស្តុកទុក មេឡេ អាល់កុល គ្រឿងក្រអូប ជេលលាងដៃ និងអាល់កុល ឈ្មោះ គួច ឆេងគីម ភេទស្រី អាយុ៤០ឆ្នាំ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ពុំទាន់ត្រូវបានចាត់ការតាមនីតិវិធីនៅឡើយទេ ខណៈផលិតផលទាំងអស់ដែលសង្ស័យមិនប្រក្រតី ក៏ពុំទាន់ដឹងព័ត៌មានជាក់លាក់នៅឡើយដែរ។
ការបង្ក្រាបទីតាំងច្រក វេចខ្ចប់ និងស្តុកទុក មេឡេ អាល់កុល គ្រឿងក្រអូប ជេលលាងដៃ និងអាល់កុល មានចំនួនសរុប៦៧មុខ ដែលបានធ្វើឡើងតាំងពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ កន្លងមកម្លេះ។
បើតាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ តូច យ៉ុន អនុប្រធានលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ឆ្លើយតបទៅកាន់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ តាមរយៈសារអេឡិចត្រូនិក Telegram ជាភាសាអង់គ្លេសថា «Not yet» ដែលមានន័យជាខេមរភាសាថា «ពុំទាន់នៅឡើយទេ»។
គួរជម្រាបថា ទីតាំងច្រក វេចខ្ចប់ និងស្តុកទុក មេឡេ អាល់កុល គ្រឿងក្រអូប ជេលលាងដៃ និងអាល់កុលខាងលើនេះ ត្រូវបានកម្លាំងចម្រុះសម្រេចបិទទីតាំង ព្រមទាំងដកហូតផលិតផលចម្រុះចំនួន៦៧មុខ យកទៅធ្វើសំណាកនៅគណៈកម្មាធិការប្រយុទ្ធប្រឆាំង និងផលិតផលក្លែងក្លាយ បង្កហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ដែលគិតមកទល់នឹងពេលនេះនៅពុំទាន់ដឹងលទ្ធផលនៅឡើយ។
ប្រតិបត្តិការនេះ បានធ្វើឡើងដោយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយគណៈកម្មាធិកាប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តូច យ៉ុន អនុប្រធានលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ , កម្លាំងមន្ទីរសុខាភិបាលខេត្ត តំណាងចៅសង្កាត់តាខ្មៅ និងមេភូមិតាខ្មៅ ដឹកនាំដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាលផងដែរ។
តាមការបញ្ជាក់របស់សមត្ថកិច្ច បានឲ្យដឹងថា ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញារង សូ សុវិទ្យា ឲ្យធ្វើការបិទទីតាំងនេះជាបណ្ដោះអាសន្នសិន រង់ចាំអនុវត្តនីតិវិធីបន្ត។ ជុំវិញករណីនេះដែរ លោក សូ សុវិទ្យា ពុំអាចស្នើសុំព័ត៌មានបន្ថែមណាមួយឡើយ ដោយលោករុញឱ្យសួរទៅអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល។
ចំពោះហេតុការណ៍នេះ លោកទិន សុចិត្រា អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល បាននិយាយប្រាប់ Fresh News ថា ទីតាំងនេះពិតជាបានបិទបណ្ដោះអាសន្នពិតមែន រីឯម្ចាស់ទីតាំងពុំបានឃាត់ខ្លួន៕