(ភ្នំពេញ)៖ ក្រុមហ៊ុន ប៊ីចេងសញ្ញា រូបវែក បានចូលរួមឧបត្ថម្ភថវិកាចំនួន ១៥៥,០០០ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកឧកញ៉ា ថៃ ទីណូ តំណាងក្រុមហ៊ុន ប៊ីចេងសញ្ញា រូបវែក។
តំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ប៊ីចេងសញ្ញា រូបវែក ដែលបានឧបត្ថម្ភថវិកាសរុប ១៥៥,០០០ដុល្លារអាមេរិក ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល។
លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថា ថវិកាទាំងនេះពិតជាបានផ្តល់ជូនបានទាន់ពេលវេលា ខណៈជំងឺកូវីដ១៩ កំពុងរាតត្បាតនៅក្នុងប្រទេស។ លោកបញ្ជាក់ថា ថវិកាទាំងនេះទៀតសោត នឹងត្រូវយកទៅប្រគល់ជូនរាជរដ្ឋាភិបាល តាមរយៈគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅពេលខាងមុខនេះ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសឲ្យដឹងថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ២នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០នេះ៕