(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវដល់សមត្ថកិច្ច និងនគរបាលចរាចរណ៍អនុគ្រោះ ដល់រថយន្តរបស់អ្នកសិល្បៈបុរាណ ឲ្យបានធ្វើដំណើរទៅដល់គោលដៅបានដោយសុវត្ថិភាព។
សម្តេចតេជោ បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទកម្មវិធីប្រលងសិល្បៈបុរាណ «មរតកវប្បធម៌ខ្មែរ» និងប្រគល់រង្វាន់ដល់ម្ចាស់ជ័យលាភី នាល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ នៅសាលមហោស្រពកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រោយពេលច្បាប់ចរាចរណ៍ថ្មីត្រូវបានអនុវត្ត រថយន្តរបស់អ្នកសិល្បៈបុរាណ ដែលមានការដឹកសំពីងសំពោងទាំងឆាក និងអ្នកសំដែង ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការហាមឃាត់។ ដំណឹងនៃឧបស័គ្គក្នុងការធ្វើដំណើរ របស់អ្នកសិល្បៈបុរាណ ក្រោយអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដាក់ឲ្យអនុវត្តន៍នេះ ត្រូវបានរាយការណ៍ដោយលោកស្រី ភឿង សក្កណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានអញ្ជើញចូលរួមក្នុងពិធីជាមួយសម្តេចផងដែរនោះ។
ឆ្លើយតបកង្វល់នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យកម្លាំងសមត្ថកិច្ច និងនគរបាលចរាចរណ៍ជួយសម្រួល និងអនុគ្រោះ ដល់រថយន្តរបស់អ្នកសិល្បៈបុរាណ បានដឹកអ្នកសម្បែង និងឆាករបស់ខ្លួនទៅកាន់គោលដៅបានដោយសុវត្ថិភាព៕