(ព្រៃវែង)៖ ក្រុមអាជីវករលក់សាច់ជ្រូក នៅផ្សារទ្រា ស្រុកព្រះស្តេច ខេត្តព្រៃវែង ផ្ទុះការតវ៉ាដោយចោទប្រកាន់មន្ត្រីពេទ្យសត្វស្រុកថា អនុវត្តច្បាប់គ្មានតម្លាភាព និងមានភាពមិនប្រក្រតី ដោយធ្វើការហាមឃាត់មិនឱ្យយកសាច់ជ្រូកទៅលក់ និងអះអាងថាមានជំងឺជ្រូកចុងអង្ករ។
ប្រជាពលរដ្ឋដែលជាម្ចាស់ជ្រូក បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែងឱ្យដឹង នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះថា កាលពីម៉ោង៤ទៀបភ្លឺថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ ពួកគាត់បានយកជ្រូកមួយក្បាល ដែលជាសត្វជ្រូកចិញ្ចឹមខ្លួនឯង យកទៅកាប់នៅទីសត្តឃាតស្រុកព្រះស្តេច ក្រោយមកមានមន្ត្រីពេទ្យសត្វវ័យក្មេងម្នាក់ឈ្មោះ ណេង បានធ្វើការហាមឃាត់ មិនអនុញ្ញាតឱ្យយកចេញទៅលក់នៅទីផ្សារ ក្រោមហេតុផលថា ជ្រូកមានជំងឺជ្រូកចុងអង្ករ ទាំងដោយជ្រូកមានសុខភាពល្អ។
អាជីវករដែលជាម្ចាស់ជ្រូក បានបញ្ជាក់ថា ជ្រូកដែលគាត់យកមកកាប់លក់នេះគឺជាជ្រូកមេ ជ្រូកស្រែ ដែលគាត់ចិញ្ចឹមក្នុងទ្រុង នៅផ្ទះមានទម្ងន់ជាង ២០០គីឡូក្រាម ជាជ្រូកដែលមានសុខភាពល្អ ចិញ្ចឹមបានជាង ៥ឆ្នាំហើយ។ អាជីវករលក់សាច់ជ្រូក បានអះអាងថា តាមបទពិសោធន៍ ក្នុងការកាប់ជ្រូកលក់ជាង ២០ឆ្នាំ របស់ពួកគាត់កន្លងមកនេះ មិនមែនជាមុខសញ្ញាជ្រូកចុងអង្ករទេ ជាសរសៃខ្លាញ់ ដែលភាគច្រើនកើតមាននៅលើជ្រូកមេដែលចិញ្ចឹមយូរឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃដដែលលោក ចិន វិសាល ប្រធានការិយាល័យបសុពេទ្យ ខេត្តព្រៃវែង ព្រមទាំងមន្ត្រីពាក់ព័ន្ធស្រុក ជាមួយនឹងគណៈកម្មការស្រុកខេត្ត នៅតែចោទប្រកាន់ថា ជ្រូកខាងលើនោះ ជាជ្រូកចុងអង្ករដដែល និងបានធ្វើការដុតកម្ទេចផងដែរ។ ជាមួយគ្នានោះ លោកបាននិយាយពន្យល់ដល់អាជីវករ ដែលជាម្ចាស់ជ្រូកថែមទាំងព្រមានលុបអាជីវកម្ម ចោលប្រសិនបើអាជីវករ នៅតែទទឹងរឹងរូសបន្តទៀត។
រឿងរ៉ាវខាងលើនេះ ត្រូវបានមហាជនជាពិសេសអាជីវករលក់ដូរនៅស្រុកព្រះស្ដេចថា ការចុះអនុវត្តច្បាប់របស់អាជ្ញាធរមន្ត្រីបសុពេទ្យនេះ ហាក់ដូចជា គ្មានតម្លាភាព និងខុសប្រក្រតី ជាពិសេសចោទមន្ត្រីពេទ្យសត្វវ័យក្មេងម្នាក់ឈ្មោះ ណេង ព្រោះកន្លងមកមន្ត្រីរូបនេះ តែងតែប្រើពាក្យសម្ដីមិនសមរម្យ គ្មានសីលធម៌ធ្វើការបែបគុំគួនជាមួយនឹងអាជីវករ។
ប្រជាពលរដ្ឋក៏ដូចជាអាជីវករកាប់ជ្រូកទាំងអស់ នៅផ្សារទ្រាស្រុកព្រះស្ដេច ស្នើសុំទៅលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម ខេត្តព្រៃវែង ជាពិសេសលោក ចិន វិសាល ប្រធានការិយាល័យបសុពេទ្យខេត្តព្រៃវែង មេត្តាជួយនឹងពិនិត្យមើលមន្ត្រីមួយរូបនេះផងទានកុំឱ្យធ្វើផ្គរព្យុះភ្លៀង នៅស្រុកព្រះស្តេចខ្លាំងពេក៕