(រតនគិរី)៖ មានករណីអគ្គិភ័យលេបត្របាក់ផ្ទះឈើប្រកស័ង្កសី១ខ្នង បានបណ្តាលឱ្យក្មេងប្រុសស្រីចំនួន ២នាក់ ស្លាប់យ៉ាងអណោចអធ័ម។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២១៖៣០នាទី នៅត្រង់ចំណុចវារីអគ្គិសនី ស្ថិតក្នុងភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។
បើតាមការរៀបរាប់របស់ស្ត្រីឈ្មោះ ស្រុល យាម អាយុ២៦ឆ្នាំ ជនជាតិទំពូន ជាអ្នកជិតខាង ប្រាប់ឱ្យដឹងថា មូលហេតុកំពុបសាំងប៉ះភ្លើងទៀន បណ្តាលឱ្យឆាបឆេះកំប៉ុងហ្គាសឆេះ សន្ធោសន្ធៅតែម្តង។
លោកវរសេនីយ៍ឯក ហុង គឹមសេង អធិការនគរបាលស្រុកអូរជុំ បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ជីន សុជាតិ អាយុ២៧ឆ្នាំ ភេទស្រី ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។ ចំណែកឯក្មេងរងគ្រោះទាំង២នាក់ខាងលើរួមមានទី១៖ ឈ្មោះ ប៊ី ឡែន ភេទស្រី អាយុ៥ឆ្នាំ និងទី២៖ ឈ្មោះ សឿន វណ្ណៈ អាយុ៣ឆ្នាំ ភេទប្រុស។
លោកអធិការនគរបាលស្រុកអូរជុំរូបនេះ បានបញ្ជាក់ថា សម្ភារខូចខាតរួមមានផ្ទះឈើប្រកស័ង្កសី១ខ្នង មានទំហំ ៥ម៉ែត្រគុណ ៦ម៉ែត្រ, ម៉ូតូម៉ាកហុងដា ចំនួន២គ្រឿង និងរបស់របរប្រើប្រាស់មួយចំនួនទៀត។
ប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ឡានទឹកចំនួន៣ឡាន។ ជាមួយនឹងអគ្គិភ័យបណ្តាល ឱ្យស្លាប់ក្មេង២នាក់ និងខូចខាតទ្រព្យសម្បត្តិអស់យ៉ាងច្រើននេះដែរ អាជ្ញាធរ និងសមត្ថកិច្ចខេត្តរតនគិរី បានសំណូមពរទៅប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដូចភ្លើងទៀន, ភ្លើងធូប, តខ្សែភ្លើងមានលក្ខណៈបច្ចេកទេសត្រឹមត្រូវចៀសវាងហានិភ័យដូចថ្ងៃនេះ៕