(កំពត)៖ ជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងអំពើប្លន់ជនជាតិបារាំងម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពត បញ្ជូនខ្លួនឡើងតុលាការ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមច្បាប់ក្រោយពីធ្វើការបង្ក្រាបបាន ពេលកំពុងធ្វើសកម្មភាពនោះ។
មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពត បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ ដេត ខេមរិនឌី ហៅឆក អាយុ៣៣ឆ្នាំ និងទី២-ឈ្មោះហ៊ាង ឆាយ៉ា អាយុ១៩ឆ្នាំ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត។ ចំណែកជនរងគ្រោះ ឈ្មោះ ចូអានីម៉ាស់ សិលសលួស អាយុ៦៥ឆ្នាំ ជាជនជាតិបារាំង បច្ចុប្បន្នស្នាក់នៅ ផ្ទះជួលស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
មន្ត្រីនគរបាលបានបញ្ជាក់ថា នៅវេលាម៉ោង១២៖១៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ជនសង្ស័យខាងលើ បានធ្វើសកម្មភាព ដោយយកដង្កាប់ ទៅកាត់របងលួសផ្ទះស្នាក់នៅ របស់ជនរងគ្រោះរួចហើយដើរលបៗ ចូលទៅក្នុងផ្ទះ ដោយប្រើដំបងកូនក្រឡឹង ធ្វើពីឈើ វាយសំពងក្បាលទៅលើជនរងគ្រោះពីក្រោយ បណ្តាលឲ្យជនរងគ្រោះ របួសធ្ងន់ ខណៈជនរងគ្រោះកំពុងអង្គុយមើលទូរទស្សន៍ក្នុងផ្ទះ។ ក្រោយវាយហើយ ជនរងគ្រោះបានស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យមានការភ័យខ្លាច ហើយរត់គេចខ្លួនបាត់ ដោយពុំបានយកទ្រព្យសម្បត្តិអ្វីឡើយ។
លុះដល់វេលាម៉ោង៧៖៤០នាទីព្រឹកថ្ងៃទី១១ ខែមករា កម្លាំងក៏បានស្រាវជ្រាវ រកឃើញមុខសញ្ញា ឈានទៅឃាត់ខ្លួនបាន ឈ្មោះដេត ខេមរិនឌី ហៅឆក នៅភូមិសង្កាត់កើតហេតុខាងលើ បន្ទាប់មក នៅវេលាម៉ោង១និង៣០នាទី ថ្ងៃត្រង់ ទី១១ដដែល ឈានទៅឃាត់ខ្លួនបាន ឈ្មោះហ៊ាង ឆាយ៉ា ម្នាក់ទៀត សុទ្ធតែនាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់៕