(ភ្នំពេញ)៖ លោក ជីងហ្គី រ៉េអាមប៊េកកូវ អនុប្រធានអ្នកសម្របសម្រួលគម្រោងក្នុងពន្ធនាគារ របស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម និង នាយឧត្តមសេនីយ៍ ចាន់ គីមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់ជូននូវកូនសៀវភៅតូចៗ ស្តីពីបទបញ្ជាផ្ទៃក្នុងនៃពន្ធនាគារចំនួន១២០០ក្បាល ដែលបានបកប្រែជាភាសាថៃ ភាសាវៀតណាម ភាសាអង់គ្លេស និងភាសាចិន ដល់អគ្គនាយកដ្ឋានពន្ធនាគារ។
ពិធីប្រគល់បានធ្វើឡើងនៅថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ហើយសកម្មភាពរបស់ ICRC ធ្វើឡើងដើម្បីសម្រួលដល់ជនជាប់ឃុំជាជនបរទេសឱ្យទទួលបានការណែនាំអំពីវិន័យ និងការរស់នៅក្នុងពន្ធនាគារនៅកម្ពុជា។
យោងតាមការប្រកាសរបស់ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ហៅកាត់ថា ICRC បានឲ្យដឹងថា ខ្លួនបានសម្ដែងនូវការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ក្នុងការធានាឲ្យបាននូវសិទ្ធិទទួលបានព័ត៌មាន ដោយស្មើភាពគ្នានៃជនជាប់ឃុំទាំងអស់ តាមរយៈការចូលរួមចំណែកក្នុងការកែលម្អ ការគ្រប់គ្រងពន្ធនាគារ និងការផ្ដល់ឱ្យដល់នូវសិទ្ធិជាមូលដ្ឋានដល់ជនជាប់ឃុំ។
ដូច្នេះហើយ ICRC បានទទួលនូវសំណើរបស់ អគ្គនាយកដ្ឋានពន្ធនាគារ និងបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដែលចាំបាច់ ដើម្បីសម្រេចឱ្យបាននូវការបកប្រែបទបញ្ជាផ្ទៃក្នុងនៃពន្ធនាគារ ជា៤ ភាសា (ថៃ អង់គ្លេស វៀតណាម និងចិន) ក៏ដូចជាការព្រីនកូនសៀវភៅតូច ស្ដីពីបទបញ្ជាផ្ទៃក្នុងនៃពន្ធនាគារជាង១២០០ក្បាល ក្រោមកិច្ចសហការរចនាជាមួយ អគ្គនាយកដ្ឋានពន្ធនាគារ ។
លោក ជីងហ្គី រ៉េអាមប៊េកកូវ បានថ្លែងថា គោលបំណងរបស់យើង គឺជួយគាំទ្រការខិតខំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីឲ្យជនជាប់ឃុំជាជនបរទេស (ដែលមានចំនួនប្រហែល៥ភាគរយ នៃជនជាប់ឃុំសរុបទាំងអស់ក្នុងប្រទេសកម្ពុជា) ក្នុងការទទួលបានចំណេះដឹងពីច្បាប់ផ្លូវការ និងបទប្បញ្ញត្តិនាពេលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅកម្ពុជា។
លោកបានបន្ថែមទៀតថា ជនជាប់ឃុំជាជនបរទេសត្រូវបានចាត់ទុកថាជាជនមួយក្រុមដែលងាយរងគ្រោះដោយសារកត្តាផ្សេងៗ។ ក្នុងនោះផងដែរ ឧបសគ្គចម្បងជាងគេនោះ គឺភាសា។ ហើយចំណុចមួយនេះបានធ្វើឲ្យក្រុមនេះ ទទួលបានការយកចិត្តទុកដាក់ពិសេស ពីគោលការណ៍របស់យើង ដូចក្រុមផ្សេងៗទៀតដូចជាស្ត្រី អនិតិជន ជនជាប់ឃុំចាស់ជរា ឬជនពិការដែលមានតម្រូវការមនុស្សធម៌តាមលក្ខខណ្ឌផ្សេងៗ។
«ការបោះពុម្ភផ្សាយនេះ នឹងចែកចាយដល់២៨ពន្ធនាគារទូទាំងប្រទេសកម្ពុជា»។ នេះបើតាមការប្រកាសរបស់ ICRC។
ICRC បានចុះទស្សនកិច្ចនៅពន្ធនាគារ ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ ដោយអនុវត្តសកម្មភាពផ្សេងៗគ្នា ជាពិសេសបានចុះសួរសុខទុក្ខជនជាប់ឃុំ បានប្រមាណជាងមួយម៉ឺននាក់ នៅតាមបណ្ដាពន្ធនាគារគោលដៅរបស់ខ្លួនយ៉ាងទៀងទាត់ ដើម្បីពិនិត្យមើលលក្ខខណ្ឌនៃការរស់នៅរបស់ពួកគេ ក៏ដូចជាគាំទ្រពីសំណាក់អាជ្ញាធរ ក្នុងការផ្ដល់សម្ភារចាំបាច់ក្នុងការរស់នៅដល់ជនជាប់ឃុំ។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ICRC ក៏បានគាំទ្រដល់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារការរីករាលដាលនៃជំងឺកូវីត១៩ នៅក្នុងកន្លែងឃុំ តាមរយៈការផ្តល់សម្ភារបរិក្ខារអនាម័យ ការថែទាំសុខភាពអនាម័យ ក៏ដូចជាបណ្តុះបណ្តាលទាក់ទង ទៅនឹងការថែទាំសុខភាព និងអនាម័យដូចជាការសម្លាប់មេរោគដោយប្រើក្លរីន របៀបត្រួតពិនិត្យអាការៈជំងឺកូវីត១៩ របៀបគ្រប់គ្រងរបួស និងចាត់់ចែងអ្នកជំងឺ ដល់បុគ្គលិកពន្ធនាគារដែលពាក់ព័ន្ធទាំងអស់៕