(សៀមរាប)៖ ក្រុមបុរាណវិទូដែលធ្វើកំណាយក្នុងការដ្ឋាននៅប្រាសាទកណ្ដាលស្រះស្រង់ បានប្រទះឃើញវត្ថុបុរាណចំនួន ៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់?) និងត្រីសូល៍។
ការរកឃើញនេះកើតឡើងនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០។ តាមការបញ្ជាក់ពីក្រុមការងារបានឱ្យដឹងថា ចាប់តាំងពីផ្តើមកំណាយរហូតមកដល់ពេលនេះ ក្រុមការងារបានរកឃើញបុរាណវត្ថុជាច្រើន ដែលស្ថិតនៅរាយប៉ាយលើដីជុំវិញទួលប្រាសាទ។
ក្នុងនោះបុរាណវត្ថុចំនួនបីប្រភេទ ដែលគេពុំធ្លាប់បានប្រទះឃើញនៅទីនេះមានជាអាទ៍៖ ត្រីសូល៍ធ្វើពីលោហៈចំនួន ២ ដែលមួយនៅមានរូបរាងពេញលេញ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង។ ខ្វាតពណ៌ស (គ្រីស្តាល់?) ជាច្រើនគ្រាប់ ដូចធ្លាប់រកឃើញនៅក្នុងរណ្តៅកំណាយទីតាំងផ្សេងៗពីមុនដែរ និងបំណែកចម្លាក់ក្បាលនាគមួយធំដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ។
ការរកឃើញសំណល់បុរាណវិទ្យាទាំងនេះ ក្រុមបុរាណវិទូ នៅមិនទាន់អាចសន្និដ្ឋានបានថា ស្ថិតនៅក្នុងសម័យកាលណា គេដាក់ដើម្បីអ្វី និងមានអ្វីបន្ថែមទៀតនោះទេ ព្រោះទើបតែជាដំណាក់កាលដំបូងនៃការធ្វើកំណាយស្រាវជ្រាវ។
លទ្ធផលនឹងបង្ហាញច្បាស់លាស់ជាងនេះនៅក្រោយបញ្ចប់ការងារស្រាវជ្រាវ។ បើសិនជាមិនមានអ្វីរារាំង និងរំខានក្នុងអំឡុងពេលកំណាយ កិច្ចការស្រាវជ្រាវនេះគ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៦សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មក។
ក្នុងការរក្សាទុកដាក់វត្ថុបុរាណវិញ លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បច្ចុប្បន្នដើម្បីរក្សាពីសុវត្ថិភាព ក្រុមការងារបាននាំយកវត្ថុទាំងនោះមកប្រគល់ជូនសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុល សម្អាត និងរក្សាទុក៕