(ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានផ្ញើព្រះរាជសារលិខិតចូលរួមរំលែកមរណទុក្ខ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។

ក្នុងព្រះរាជសារលិខិតរបស់សម្តេចម៉ែ ទ្រង់បានមានព្រះរាជបន្ទូលថា «ខ្ញុំមានហឫទ័យដ៏សែនក្រៀមក្រំ អំពីអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាមាតាក្មេក និងជាម្ដាបង្កើត របស់ សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានទទួលមរណភាព នៅថ្ងៃទី០៤ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០២:១២នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ៩៦វស្សា។

ខ្ញុំសូមសម្ដែងនូវការសោកស្ដាយដ៏ជ្រាលជ្រៅជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្ត ទាំងអស់នៃសព។ មរណភាពនៃអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី គឺជាការបាត់បង់ម្ដាយ និងជីដូន ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃមួយរូប និងជាពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាយ៉ាងខ្ជាប់ខ្លួន ជាទីគោរពស្រឡាញ់នៃមហាជនទាំងពួង និងជា កុលធីតាដ៏ល្អប្រពៃមួយរូបនៃប្រទេសជាតិ និងប្រជារាស្ត្រកម្ពុជា។

ខ្ញុំចងចាំជានិច្ច នូវគុណូបការដ៏ធំធេងរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ជាខេមរបុត្រីស្នេហាជាតិ មានបញ្ញាស្មារតីបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ហើយជារៀងរហូតមកដល់បច្ចុប្បន្នកាលនេះ មហាឧបាសិកា ក៏បានបន្តចូលរួមវិភាគទាន ដ៏ធំធេងក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជារាស្ត្រកម្ពុជា។

ខ្ញុំសូមសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងសូមបួងសួងសូមវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមណាំឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា អញ្ជើញទៅកាន់សុគតិភពកុំបីខាន»