(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ បានចេញមកបញ្ជាក់ពីការគ្រប់គ្រង និងបញ្ហាដីនៅឧទ្យានជាតិព្រះសីហនុ «រាម»។ ការចេញមកបញ្ជាក់ថា បន្ទាប់ពីមានចម្ងល់ និងការលើកឡើងមួយចំនួនពាក់ព័ន្ធនឹងការគ្រប់គ្រង និងវិវាទដីធ្លីនៅតំបន់តំបន់នេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីខែមិថុនា ឆ្នាំ២០០៨ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ ដោយកំណត់តំបន់ប្រើប្រាស់ដោយចីរភាពលើផ្ទៃដីទំហំ ៣,៣០០ហិកតា ក្នុងឧទ្យានជាតិព្រះសីហនុ «រាម» និងការធ្វើអនុបយោគដីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋ។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ក្នុងមាត្រា១ ក្នុងអនុក្រឹត្យស្តីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាពនោះ បានកំណត់តំបន់គ្រប់គ្រងក្នុងឧទ្យានជាតិព្រះសីហនុ «រាម» លើផ្ទៃដីទំហំ ៣,៣០០ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជួលទៅឱ្យក្រុមហ៊ុន យីចៀ ធូរីហ៉ឹម ឌីវេឡុបមេន ខមភេ នី ដើម្បីធ្វើការ វិនិយោគអភិវឌ្ឍន៍លើវិស័យទេសចរណ៍។ អនុក្រឹត្យស្ដីពីការកំណត់តំបន់ប្រើប្រាស់ដោយចីរភាពលើផ្ទៃដីទំហំ ២,៣៧៧ហិកតា ក្នុងឧទ្យានជាតិព្រះសីហនុ «រាម» និងការធ្វើអនុបយោគដីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋ ។
ក្នុងមាត្រា១ បានកំណត់តំបន់គ្រប់គ្រងក្នុងឧទ្យានជាតិព្រះសីហនុ «រាម» លើផ្ទៃដីទំហំ ២,៣៧៧ហិកតា ទៅជាតំបន់ប្រើប្រាស់ដោយចីរភាព ស្ថិតនៅក្នុងឃុំរាម ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ជួលទៅឱ្យក្រុមហ៊ុន អេវើរប្ដីន សាក់សេស អែន អាស៊ី រីសត ឌីវេលុប្បមែន ខូអិលធីឌី ដើម្បីធ្វើការវិនិយោគអភិវឌ្ឍន៍លើវិស័យទេសចរណ៍។ បន្ទាប់ពីទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល ក្រុមហ៊ុនទាំងពីរបានដំណើរការគម្រោងវិនិយោគរបស់ខ្លួន នៅលើទីតាំងដែលបានផ្តល់ជូនតាមរយៈកិច្ចសន្យាជួលចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ បានអះអាងថា ទន្ទឹមនឹងការអភិវឌ្ឍ ក៏មានសកម្មភាពលួចកាប់ទន្ទ្រាន រុករានយកដីព្រៃ ធ្វើជាកម្មសិទ្ធិនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ «រាម» បានកើតឡើងជាបន្តបន្ទាប់ផងដែរ។ សកម្មភាពទាំងនោះបានបំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ និងបានធ្វើឱ្យរាំងស្ទះដល់ការអនុវត្តគម្រោងរបស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិស្របច្បាប់ពីរាជរដ្ឋាភិបាល។
សកម្មភាពល្មើសច្បាប់ទាំងនេះ គឺត្រូវបានអាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ចបានចុះធ្វើការណែនាំ និងចាត់វិធានការជាបន្តបន្ទាប់។ រហូតដល់ឆ្នាំ២០១៦ រដ្ឋបាលខេត្តព្រះសីហនុ បានបង្កើតក្រុមការងារចម្រុះចុះវាស់វែង និងកំណត់អត្ត សញ្ញាណក្បាលដីរបស់ប្រជាពលរដ្ឋ ដែលបាននិងកំពុងរស់នៅ អាស្រ័យផលលើដីដែលមានផលប៉ះពាល់ក្នុងតំបន់វិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនឃីចៀ ធូរីហ៉ឹម ឌីវេឡុបមេន ខមភេនី និងក្រុមហ៊ុន អេវើរប្រឺន សាក់សេសអែន អាស៊ី រី សត ឌីវេលុប្បមែន ខូអិលធីឌី។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា នៅឆ្នាំ២០១៧ រាជរដ្ឋាភិបាល ក៏បានចេញអនុក្រឹត្យថ្មីមួយ ស្ដីពីការកំណត់ជាតំបន់សហគមន៍នៃឧទ្យានជាតិព្រះសីហនុរាម លើផ្ទៃដីទំហំ ៦៦៧.៩៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបានកាត់ឆ្កៀលចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែង នៅក្នុងតំបន់ខាងលើរួចរាល់ហើយ។ ដូច្នេះក្រុមហ៊ុនទាំងពីរនេះ គឺអាចដំណើរការក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ របស់ខ្លួនបន្ត។
ដល់កំលុងឆ្នាំ២០១៨ ក្រុមជនអនាធិបតេយ្យដែលបានគៀរគរគ្នាមកពីបណ្ដាខេត្តនានា បានធ្វើសកម្មភាពសម្រុក ចូលមករុករានកាប់ទន្ទ្រានយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ នៅក្នុងតំបន់ការពារធម្មជាតិក្នុងដែនឧទ្យានជាតិ «រាម»។ ជាពិសេសនៅក្នុងទីតាំងដីវិនិយោគរបស់ក្រុមហ៊ុន ឃីចៀ ធូរីហ៉ឹម ឌីវេឡុបមេន ខមភេនី និងក្រុមហ៊ុន អេវើរហ្គីន សាក់សេស អែន អាស៊ី រីសត ឌីវេលុប្បមែន ខូអិលធីឌីនេះតែម្ដង។
ដោយអនុវត្តតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងបរិស្ថាន ស្ដីពីការហាមឃាត់ការឈូសឆាយ កាប់ឆ្ការ ដុត រុករានទន្ទ្រានកាន់កាប់ដីព្រៃ ធ្វើជាកម្មសិទ្ធិ ការទិញ-លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ-លក់ដីរដ្ឋខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាល ស្រុកព្រៃនប់ ព្រមទាំងស្នាក់ការឧទ្យានជាតិព្រះសីហនុ «រាម» បានជូនដំណឹង និងផ្សព្វផ្សាយជាបន្តបន្ទាប់ដល់បងប្អូនប្រជា ពលរដ្ឋ ដែលចាញ់បោកជនខិលខូច ចូលទៅកាប់គាស់ រុករានទន្ទ្រានព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដី ធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ សូមឱ្យដកខ្លួនចេញជាបន្ទាន់។ ប៉ុន្តែជនខិលខូចទាំងនោះមិនមានការដកថយនោះទេ ហើយកាន់តែមានសកម្មភាពបំពានថែមទៀត។