(កំពង់ធំ)៖ កម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំង នគរបាលមូលដ្ឋាន ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បានចុះស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួន ជនសង្ស័យ៥នាក់ ម្នាក់នៅស្រុកកំពង់ស្វាយ និង៤នាក់ទៀត នៅក្រុងស្ទឹងសែន។

មន្រ្តីនគរបាល ខេត្តកំពង់ធំ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ដែលត្រូវចាប់ខ្លួន នៅស្រុកកំពង់ស្វាយនោះមានឈ្មោះ ម៉ៅ ផា អាយុ២៥ឆ្នាំ រស់នៅ ភូមិឃុំជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង និងជាកម្មករបើកបររថយន្តដឹកថ្ម​ របស់ក្រុមហ៊ុន សៀងហៃគ្រុប (ការដ្ឋានធ្វើផ្លូវជាតិលេខ៦)។

ដោយឡែក នៅថ្ងៃដដែលនេះកម្លាំងនគរបាល ក៏បានចុះទៅបង្ក្រាបបទល្មើសប្រើ ប្រាស់គ្រឿងញៀន១ករណីទៀតនៅក្រុងស្ទឹងសែន ដោយចាប់ខ្លួនជនសង្ស័យ៤នាក់។

ជនសង្ស័យទាំងនេះ រួមមាន ទី១-ឈ្មោះ គ្រី ឈិត អាយុ១៨ឆ្នាំ នៅភូមិឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ទី២ឈ្មោះ អេង សុភ័ក្រ អាយុ១៦ឆ្នាំ រស់នៅភូមិឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ទី៣ឈ្មោះ ជួន គឹមសួរអាយុ២៣ឆ្នាំ រស់នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក និង៤-ឈ្មោះ មាស សីហា អាយុ១៨ឆ្នាំ រស់នៅ ភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក។ សម្រាប់ជនសង្ស័យទាំងនេះ ត្រូវបានយកទៅសួរនាំ ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត៕