(កំពង់ឆ្នាំង)៖ ក្រោយបានទទួលព័ត៌មាន ពីស្ថានភាពកុមារកំព្រា៤នាក់ រស់នៅជាមួយជីដូន វ័យចំណាស់ ទាំងស៊ីអត់ស៊ីឃ្លានខណៈ ឪពុកទៅមានប្រពន្ធថ្មី និងម្តាយចេញទៅធ្វើការនៅប្រទេសថៃ បាត់ដំណឹងសូន្រឈឹង ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនោះ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ អភិបាលខេត្តលោក ឈួរ ច័ន្ទឌឿន បានដឹកនាំមន្រ្តី និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយជា គ្រឿងឧបភោគបរិភោគ ថវិកា និងកង់ជូនពួកគេដល់លំនៅដ្ឋានតែម្តង។
លោកអភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចជាមួយជីដូន និងអាជ្ញាធរមូលដ្ឋាន ដោយនាំយកក្មេង៣នាក់ មករស់នៅនិងរៀនសូត្រនៅ មជ្ឈមណ្ឌលកុមារកំព្រា ហើយអាជ្ញាធរខេត្តជាអ្នកជួយ និងឧបត្ថម្ភគ្រប់បែបយ៉ាង ខណៈបងប្រុសគេបង្អស់នៅជាមួយជីដូនដើម្បីមើល ថែនិងរកស៊ីចិញ្ចឹមក្រោមការជួយ ឧបត្ថម្ភពីថ្នាក់ដឹកនាំ និងមន្រ្តីមូលដ្ឋានផងដែរ។ សម្រាប់អំណោយរួមមាន គ្រឿងឧបភោគបរិភោគ កង់ ថិវកា និងសម្ភារសម្រាប់ប្រើប្រាស់ មួយចំនួនដែលត្រូវបានផ្តល់ជូនកុមារកំព្រាទាំង៤នាក់ និងជីដូនចាស់ជរានោះគឺបានមកពីលោកស្រី ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ឧបត្ថម្ភថវិកាចំនួន៥០ម៉ឺនរៀល កង់១គ្រឿង អង្ករមួយបេ មី៥កេះ ទឹកត្រី២យួរ ទឹកស៊ីអីវ២យួរ លោកស្រី ស៊ឹង ស៊ីយុង ឧបត្ថម្ភថវិកា១០ម៉ឺនរៀល លោក រិន វីរះ រដ្ឋលេខាធិការក្រសួងផែនការ និងក្រុមការងារ ឧបត្ថម្ភអង្ករមួយបេ កង់១គ្រឿង មន្ទីរកិច្ចការនារី ឧបត្ថម្ភថវិកាចំនួន៨ម៊ឺនរៀល សាលាខេត្តកំពង់ឆ្នាំង ឧបត្ថម្ភអង្ករមួយបេ មី២កេះ ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ ទឹកសុទ្ធ២កេះ និងថិវកា៥០ម៉ឺនរៀល។ សូមរំលឹកថា ក្មេងប្រុស-ស្រី៤នាក់ ជាបងប្អូននឹងគ្នា រស់នៅភូមិដំណាក់អំពិល ឃុំក្រាំស្គារ ស្រុកទឹកផុស បានក្លាយជាក្មេងកំព្រា ដោយឪពុកបោះបង់ចោល ទៅមានប្រពន្ធចុង ចំណែកម្តាយបានទៅធ្វើការនៅប្រទេសថៃ បាត់ដំណឹង សូន្យឈឹង ហើយសព្វថ្ងៃពួកគេបានរស់នៅជាមួយជីដូន អាយុ៧៥ឆ្នាំ ទាំងស៊ីអត់ស៊ីឃ្លានយ៉ាងលំបាកវេទនា។
បច្ចុប្បន្នចៅប្រុសច្បងអាយុ១៤ឆ្នាំ និង១២ឆ្នាំ បានស៊ីឈ្នូលច្រូតកាត់ និងលីសែងឈើឲ្យគេ ដើម្បីយកប្រាប់បន្តិចបន្តួចមកដោះស្រាយ ជីវភាពរស់នៅ យ៉ាងលំបាក ពីព្រោះជីដូនចាស់មិនអាចរកស៊ីអីបាននោះឡើយ។ ទុក្ខជាន់លើទុក្ខទៀតនោះ ក្មេងស្រីជាប្អូនទី៣មាន អាយុ១១ឆ្នាំ ត្រូវបានបងប្រុសជីដូនមួយ អាយុ៣៤ឆ្នាំ ចិត្តតិរឆ្ឆាន បានចាប់រំលោភរហូតបានសម្រេចជាច្រើនដងហើយរត់គេចខ្លួន បាត់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥មកម្ល៉េះ។ លោកយាយ តៃ អាយុ៧៥ឆ្នាំ បានឲ្យដឹងថា ចៅគាត់ទាំង៤នាក់ ត្រូវបានម្តាយរបស់ពួកគេ ឃ្លាតចាកចេញទៅធ្វើកម្មករ នៅប្រទេសថៃយូរឆ្នាំហើយ ដោយមុនដំបូងធ្លាប់បានផ្ញើប្រាក់មកជួយចិញ្ចឹមកូនខ្លះដែរតែក្រោយមកបាត់ ដំណឹងសូន្រឈឹងតែម្តង។ ចំណែកឪពុកពួកគេវិញបានចុះចោលកូនៗ បែកទៅមានប្រពន្ធថ្មីបាត់ទៅបន្សល់ទុកពួកគេទាំង៤នាក់ ត្រូវធ្លាក់លើបន្ទុកគាត់ ខណៈដែលគាត់ចាស់ទ្រុឌទ្រោមមិនអាចរកស៊ីចិញ្ចឹមបាននោះឡើយ។
លោកយាយបានរៀបរាប់ទៀតថា សព្វថ្ងៃនេះ បានចៅប្រុសច្បងឈ្មោះ សាយ សុភ័ត្រា អាយុ១៤ឆ្នាំ និងចៅប្រុសបន្ទាប់ ឈ្មោះ សាយ ស៊ីម អាយុ១២ឆ្នាំ ពេលចេញពីរៀនសូត្របានទៅស៊ីឈ្នួលដឹកកណ្តាប់ច្រូតស្រូវ និងលីសែងឈើឲ្យគេ ទើបបានប្រាក់បន្តិចបន្តួចយក មកឲ្យគាត់ទិញអង្ករ និងម្ហូប។ លោកយាយ បានបន្តថា ចៅៗវេទនាប៉ុណ្ណឹងហើយនៅមានឈ្មោះ ឈិន ខុម អាយុ៣៤ឆ្នាំជាបងប្អូន ជីដូនមួយរបស់ចៅៗ នៅភូមិជាមួយគ្នា បានចាប់ចៅទី៣ អាយុ១១ឆ្នាំ រំលោភជាច្រើនដងទៀត ទម្រាំបែកការឥឡូវវារត់ចោល ស្រុកបាត់ទៅហើយ។ ចំណែកកុមារទាំង៤នាក់ ក៏បានសំណូមពរដល់សប្បុរសជន សូមមេត្តាជួយឧបត្ថមកង់១គ្រឿងសម្រាប់ជិះទៅ រៀន ព្រោះសព្វថ្ងៃពេលទៅរៀន ជិះកង់តែមួយ៤នាក់។
មន្រ្តីនគរបាលស្រុកទឹកផុសបានឲ្យដឹងថា ពាក់ព័ន្ធនឹងបទល្មើសចាប់រំលោភខាងលើនេះ សមត្ថកិច្ចបានបញ្ជូនសំណុំរឿងទៅដល់ ស្នងការដ្ឋាននគរបាលខេត្ត និងដល់តុលាការខេត្តហើយ តែជនល្មើសបានគេចខ្លួនបាត់ ខណៈសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន៕