(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករានេះ បានបញ្ជាក់ឲ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះ ការបង់ថ្លៃសេវាប្រមូលសំរាមរបស់ក្រុមហ៊ុន CINTRI ប្រជាពលរដ្ឋនឹងត្រូវបង់ តាមរយៈសាលារាជធានីភ្នំពេញផ្ទាល់ទើបសាលារាជធានី ទូទាត់នៅឲ្យក្រុមហ៊ុន ដើម្បីធានាឲ្យបាននូវភាពស្អាត នៃសាលារាជធានីភ្នំពេញ។
លោក ប៉ា សុជាតិវង្ស បានសរសេរក្នុង Facebook Page របស់លោកថា «សាលារាជធានីព្រឹកមិញនេះ បានពិភាក្សាគ្នាជាមួយ ក្រុមហ៊ុន CINTRI លើពង្រាងកិច្ចព្រមព្រាងសេវា ប្រមូលសំរាមជាមួយនឹងបណ្តាខណ្ឌក្នុងរាជធានី ដែលនឹងត្រូវចាប់ផ្តើមអនុវត្តមុនគេ ក្នុងខណ្ឌ៤កណ្តាលក្រុង គឺដូនពេញ ចំការមន ៧មករា និងទួលគោក ដែលនេះជាយន្តការក្នុងការតម្រង់ទិស ឲ្យកិច្ចការងារសម្អាត ប្រមូលសំរាម ក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ។ ហើយសម្រាប់ក្នុងពេលឆាប់ខាងមុខ ប្រជាពលរដ្ឋនឹងត្រូវមានកាតព្វកិច្ច បង់កម្រៃសេវានេះឲ្យបានគ្រប់គ្នា និងដោយផ្ទាល់ជាមួយសាលារាជធានី ហើយសាលារាជធានី នឹងទូទាត់ជាមួយក្រុមហ៊ុន ធ្វើដូចនេះ គឺដើម្បីក្រុមហ៊ុនត្រូវតែធានាឲ្យស្អាតមួយ សាលារាជធានី រួចហើយសាលារាជធានី មានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ»៕