(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ បានផ្ញើសារចូលរួម រំលែកមរណទុក្ខដោយក្តីសោកសង្រេងបំផុត ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនិង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងក្រុមគ្រួសារនៃសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
ក្នុងនាមគណបក្សប្រជាជនកម្ពុជាទាំងមូល គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល បានសម្តែងនូវទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្តួលបំផុតដោយ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងជាម្តាយក្មេករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលមរណភាពនៅថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២:១២នាទីទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយចំពោះការបាត់បង់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាពុទ្ធមាមកជនដ៏ឆ្នើម ជាស្ត្រី ជាមាតា និងជាជីដូន ប្របកដោយព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់ ហើយធ្លាប់បានធ្វើសកម្មភាពមិនចេះនឿយហត់ ដើម្បីរួមចំណែកដល់ការកសាង និងអភិវឌ្ឍន៍ជាតិ ពិសេសបានជួយជំរុញលើវិស័យសាសនា សង្គមកិច្ច និងជួយឧបត្ថម្ភគាំទ្រដល់បេសកកម្មរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងការបម្រើជាតិមាតុភូមិ។
គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល បានចូលរួមរំលែកនូវមរណទុក្ខដោយក្តីសោកសង្រេងបំផុតជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងក្រុមគ្រួសារនៃសព ហើយសូមបួងសួងអោយវិញ្ញាណក្ខន្ធរបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅកាន់សុគតិភពកុំបីខានឡើយ៕
ខាងក្រោមនេះជាសារលិខិតគណបក្សប្រជាជនកម្ពុជា៖