(ភ្នំពេញ)៖ ក្រសួង-ស្ថាប័ននីមួយៗ ត្រូវមានភាពម្ចាស់ការ ការយកចិត្តទុកដាក់ខ្ពស់ ដោយរៀបចំផែនការ មានយន្តការច្បាស់សាល់ ក្នុងការរៀបចំចាត់ចែង ផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយត្រូវដាក់កិច្ចការងារនេះ ជាការងារចម្បង សម្រាប់អនុវត្តក្នុងឆ្នាំ២០១៦។
នេះជាការលើកឡើង របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ គ.ជ.អ.ប នៅកិច្ចប្រជុំលើកទី ១១របស់ខ្លួន នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងពីបញ្ហាប្រឈម ក្នុងការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៥ថា ដោយមានការយឺតយ៉ាវ ក្នុងការរៀបចំយន្តការផ្ទេរធនធាន មានភ្ជាប់លក្ខខណ្ឌ ការរៀបចំប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស និងការរៀបចំយន្តការអធិការកិច្ចការងារ របស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលហេតុនេះក្រសួង ស្ថាប័នទាំងអស់ ត្រូវដាក់បញ្ចូលការងារទាំងនេះ ជាចំណុចអាទិភាពសម្រាប់ឆ្នាំ២០១៦។
សម្តេចក្រឡាហោម ក៏បានស្នើដល់ក្រសួងស្ថាប័ន ដែលមិនទាន់បានរៀបចំក្រុមការងារ ក្នុងការរៀបចំបញ្ជីវិភាគមុខងារក្នុងការផ្ទេរមុខងារ និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំឲ្យមានយន្តការក្នុងការផ្ទេរទាំងធនធានមនុស្ស និងថវិកាក្នុងការគាំទ្រ ការផ្ទេរមុខងារនេះ។ ហើយក្រសួង ស្ថាប័នដែលបានផ្ទេររួចហើយ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការពង្រឹងការអភិវឌ្ឍស្ថាប័ន និងលើកកម្ពស់សមត្ថភាព ធនធានរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រង ចាត់ចែងការផ្ដល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋ ការផ្ទេរមុខងារត្រូវមានភ្ជាប់ជាមួយ នូវធនធានហិរញ្ញវត្ថុ ដូច្នេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវខិតខំរៀបចំយន្តការ ផ្ទេរហិរញ្ញវត្ថុឲ្យសមស្របជាមួយ ដំណើរការផ្ទេរមុខងារ។
គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ បានរៀបចំកិច្ចប្រជុំលើកទី១១ ដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម នានាដែលត្រូវដោះស្រាយ និងដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងលក្ខន្តិកៈ។ ដោយឡែកសម្រាប់បុគ្គលិករដ្ឋបាល ថ្នាក់ក្រោមជាតិ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល សមាជិក គជអប តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងក្រសួង ស្ថាប័នអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី ខេត្ត ក្រុង ស្រុក និងមន្រ្តីលេខាធិការដ្ឋាន គជអប សរុបជាង១២០រូប៕