(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា នៅថ្ងៃស្អែកនេះ ក្រសួងសាធារណការ នឹងចេញលិខិតព្រមាន ទៅដល់ក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ក្រោយពីក្រុមហ៊ុនសាងសង់នេះ មានភាពយឺតយ៉ាវ គ្មានលក្ខណៈបច្ចេកទេស ព្រមទាំងគ្មានគ្រឿងចក្រមកធ្វើការងារនោះឡើយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាព ការងារសាងសង់ផ្លូវជាតិលេខ១១ ដោយមានការចូលរួមពីមន្ត្រីជំនាញ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនប្រឹក្សា បច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា «ផ្លូវពីភ្នំពេញ ទៅតាកែវ គ្រឿងចក្រប្រហែល២គ្រាប់ គ្មានអ្នកណាធ្វើការទាំងអស់ នៅលើផ្លូវជាតិលេខ២ និងលេខ២២មានធ្វើមួយកង។ ដល់ខ្ញុំដេញដោលទៅថា គ្រឿងចក្រជាប់នៅវៀតណាម ពន្យល់ខ្ញុំអីចឹង។ ខ្ញុំទទួលបាននៅពេលនេះ ប៉ុន្ដែពេលណាអ្នកឯងយកគ្រឿងចក្រមក? បើអត់មានអ្នកឯង មិនជួលគ្រឿងចក្រនៅស្រុកខ្មែរឲ្យទាន់ពេលវេលា បើធ្វើយឺតជាងការកំណត់ យើងនឹងពិន័យ»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ដថា «ស្អែកនេះក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ នឹងទទួលបានលិខិតព្រមានពីលោកផ្ទាល់តែម្តង ចេញជាលាយលក្ខអក្ស ទុកពេលវេលាប៉ុន្មាន ក្នុងការដោះស្រាយបញ្ហានេះ បើដោះស្រាយមិនបានទេ នឹងមានបញ្ហាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនតែម្តង។ ផ្លូវជាតិលេខ២ និងលេខ២២នេះ អសកម្មគ្មានឃើញធ្វើអ្វីទាំងអស់»។
លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ស្អែកនេះលិខិតព្រមាននេះ និងផ្ញើជូនក្រុមហ៊ុនសាងសង់នេះ និងចម្លងជូនស្ថានទូតកូរ៉េ ឱ្យដឹងពីការងារខ្វះខាតការសាង់សង់ផ្លូវជាតិលេខ២ និងលេខ២២នេះ។
សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង៦២.៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។
ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែខាងលើ ចែកចេញជាបីផ្នែករួមមាន៖ ផ្នែកទី១៖ កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន មានប្រវែង ៤.៣៤គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ចិញ្ចើមផ្លូវសងខាងទទឹង ០.៥ម៉ែត្រ ផ្លូវថ្មើរជើងសងខាងទទឹង ២.៥ម៉ែត្រ ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
ផ្នែកទី២៖ កំណាត់ផ្លូវជាតិលេខ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេចតេជោហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤.៤១គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០.៥០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០.៥០ម៉ែត្រ មានបួនគន្លង (២គន្លងទៅ ២គន្លងមក) រួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ១៤ម៉ែត្រ និងម៉ូតូទទឹងសរុប ៥ម៉ែត្រ ខ័ណ្ឌដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
ផ្នែកទី៣៖ កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ (អង្គតាសោម) ប្រវែង ៦៣.៤២គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ៧ម៉ែត្រ និងម៉ូតូទទឹងសរុប ៦ម៉ែត្រ ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល សុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។
គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះ គ្រោងចំណាយថវិកា៥៦.១លានដុល្លារសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េខាងត្បូង និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២៕