(សៀមរាប)៖ ប្រាសាទចៅសាយទេវតា ត្រូវបានស្ថាបនាឡើង នៅចុងសតវត្សរ៍ទី១១ ដើមសតវត្សរ៍ទី១២ ដោយព្រះបាទ សូរ្យវរ្ម័នទី២ រចនាបទអង្គរវត្ត ដើម្បីឧទ្ទិសថ្វាយសាសនាហិណ្ឌូ ដែលមានទីតាំងស្ថិតនៅខាងកើតទ្វារជ័យ នៃក្រុងអង្គរធំ ឈមគ្នានឹងប្រាសាទ ធម្មនន្ទ។
ចំពោះការហៅឈ្មោះ ចៅសាយទេវតា មិនមានប្រភពណាបញ្ជាក់ច្បាស់លាស់ទេ តែបើតាមការសន្និដ្ឋានរបស់អ្នកស្រុក ឈ្មោះ ប្រាសាទនេះ ប្រហែលជាឈ្មោះ មេទ័ពមានស្នាដៃល្អម្នាក់ ក្នុងការធ្វើសឹកសង្គ្រាម ឬអ្នកមានស្នាដៃក្នុងការធ្វើអ្វីមួយ។សព្វថ្ងៃអ្នកស្រុក ហៅឈ្មោះប្រាសាទនេះ ត្រឹមចៅសាយប៉ុណ្ណោះ មិនមានពាក្យទេវតានៅខាងចុងទេ នេះជាទម្លាប់របស់ខ្មែរ ដែលច្រើនប្រើឈ្មោះខ្លីៗ។
ប្រាសាទចៅសាយទេវតា មានរូបរាងតូចច្រឡឹង មានចម្លាក់ក្បូរក្បាច់ល្អវិចិត្ររស់រវើក បែរមុខទៅទិសខាងកើត សំដៅស្ទឹងសៀមរាប មានស្រះ២ និងគូទឹកព័ទ្ធជុំវិញ តែបច្ចុប្បន្នស្រះ និងគូទឹករីងស្ងួតស្ទើរគ្មានរូបរាង ដែលជំនួសដោយដើមឈើតូចធំ ជាច្រើនដុះក្នុងនោះ។ ថ្វីត្បិតប្រាសាទនេះ ស្ថិតនៅក្បែរប្រាសាទធំៗជាច្រើន តែហាក់ដូចជាស្ងប់ស្ងាត់ណាស់ ព្រោះមិនសូវមានទេសចរចាប់អារម្មណ៍ច្រើន ដូចប្រាសាទអង្គរវត្ត បាយ័ន និងតាព្រហ្មទេ។
លោក ឈួម ឆាត ប្រធានក្រុមគ្រប់គ្រងភ្នាក់ងារទេសចរ ប្រចាំការនៅប្រាសាទចៅសាយទេវតា និងប្រាសាទធម្មនន្ទ បានឲ្យដឹងថា ទេសចរដែលចូលមកទស្សនា ប្រាសាទទាំង២នេះ ក្នុង១ថ្ងៃបានប្រហែល២០០នាក់ជាងប៉ុណ្ណោះ ហើយភាគច្រើនជាជនជាតិចិន។ មូលហេតុដូច្នេះព្រោះប្រាសាទនេះតូច ហើយភ្ញៀវខ្លះមានរយៈពេលទស្សនាខ្លី ទើបពួកគេចាប់អារម្មណ៍តែប្រាសាទធំៗ។
ប្រាសាទនេះត្រូវបានជួសជុល ដោយស្ថាប័នរដ្ឋាភិបាលចិន សម្រាប់ការអភិរក្សអង្គរ ហៅកាត់ថា CSA ចាប់ពីឆ្នាំ១៩៩៨ ហើយបញ្ចប់ នៅឆ្នាំ២០០៨។ មុនពេលជួសជុល ប្រាសាទនេះមានសភាពខូចខាតច្រើន ទោះជាតួកណ្ដាល និងតួខាងកើតមានស្ថានភាពនៅល្អ ក៏ដោយ ប៉ុន្តែដំបូលនិងតួផ្សេងទៀត បានបាក់បែកស្ទើរទាំងអស់។ ជើងចម្លាក់និងជញ្ជាំងមួយចំនួនទ្រេត និងខុសពីកន្លែងដើម។
អ្នកជំនាញបារាំងបានជួសជុលតួខាងលិច ក្នុងទសវត្សឆ្នាំ១៩៥០ ប៉ុន្តែជើងចម្លាក់នៅកន្លែងផ្សេងទៀត ខូចខាតតិច ឬច្រើនដោយអន្លើ។ វិធីសាស្ត្រក្នុងការជួសជុល និងអភិរក្សដែល CSA យកមកប្រើរួមមាន ការប្រមែប្រមូលនិង រៀបថ្មដែលនៅរាយប៉ាយឡើងវិញរៀបចំ ជួសជុលជើងចម្លាក់ និងយកទៅដាក់តាមកន្លែងដើម រៀបចំប្រព័ន្ធបង្ហូរទឹក ជួសជុលសំណង់ប្រាសាទ ពង្រឹងរចនាសម្ព័ន្ធ ស្ថាបត្យកម្ម ជួសជុលនឹងថែទាំថ្មដែលខូចខាត និងថ្មដែលល្អផ្សេងៗទៀត។ នៅពេលជួសជុលស្ថាប័ន CSA បានយកថ្ម ដែលនៅរាយប៉ាយមកដាក់ កន្លែងដើមវិញ បានចំនួនជាង៣០០០ដុំ។
ការងារអភិរក្សនេះបានចំណាយពេលជិតមួយទសវត្សរ៍ ការខូចខាតនិងគ្រោះថ្នាក់នៅប្រាសាទចៅសាយទេវតា ត្រូវបានដោះស្រាយ ទាំងស្រុង ថ្មដែលបាក់ធ្លាក់បានរៀបចូលកន្លែងដើម ចំណែកថ្មខ្លះទៀតក៏ត្រូវបានជួសជុលនិងពង្រឹងឡើងវិញ ឱ្យមានសភាពដូចដើម ទៅតាមរចនាបទ លក្ខណៈស្ថាបត្យកម្ម រចនាសម្ព័ន្ធ សម្ភារៈសំណង់ និងបច្ចេកទេសសាងសង់៕