(កំពង់ធំ)៖ ប្រជាពលរដ្ឋប្រមាណជិត ១០០គ្រួសារ បានផ្ទុះការតវ៉ាចំពោះការកាត់ដីស្វាយចន្ទីរ ដែលពួកគាត់អាស្រ័យផលជារៀងរាល់ឆ្នាំ ក្នុងរយៈពេលប្រមាណឆ្នាំ៣ ទៅ៦ឆ្នាំកន្លងមក។ ដីស្វាយចន្ទីររបស់ពួកគាត់ ត្រូវបានមន្រ្តីអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប និងអាជ្ញាធរពាក់ព័ន្ធ កាត់ចូលក្នុងតំបន់ស្ថានីយ៍ផ្សព្វផ្សាយ និងស្តាព្រៃឈើឡើងវិញ ស្ថិតក្នុងតំបន់អន្លង់ថ្ម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ចំពោះបញ្ហានេះប្រជាពលរដ្ឋជិត ១០០គ្រួសារ បានទទូចសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ ជួយផ្តល់ដីដំណាំស្វាយចន្ទីរ ជូនពួកគាត់វិញផង ក្រោយអាស្រ័យផលតាំងពីឆ្នាំ២០០៦ និងឆ្នាំ២០១១ ហើយរហូតមកដល់ពេលនេះមាន ដំឡូង និងស្វាយចន្ទីរ រួមជាមួយដំណាំរួមផ្សំផ្សេងទៀតជាច្រើន។

ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថា អ្វីដែលពួកគាត់ងឿងឆ្ងល់ថា ហេតុអ្វីក្នុងអំឡុងពេលកន្លងមក មិនដែលធ្វើការហាមឃាត់ពួកគាត់ ស្រាប់តែចុងឆ្នាំ២០១៨ រហូតដល់ ឆ្នាំ២០២០នេះ ទើបមកជូនដំណឹង និងកាប់បំផ្លាញដំណាំ ដែលជាកម្លាំងញើសឈាមរបស់ពួកគាត់រស់នៅយ៉ាងលំបាក គ្មានទាំងផ្លូវធ្វើដំណើរ លុះប្រជាពលរដ្ឋ ធ្វើបានផលហើយ បែជាមកអះអាងថា ជាដីព្រៃរិចរឹលសម្រាប់ដាំស្តារព្រៃឈើឡើងវិញ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ កំពុងរស់មានភាពភ័យខ្លាច ដែលធ្វើការរុករានគំរាមកំហែងប្រជាពលរដ្ឋ ឲ្យប្រគល់ដីដើម្បីក្រវ៉ាត់ព្រំ និងបង្កជាអំពើរហិង្សាវាយដំ លើប្រជាពលរដ្ឋកាលពីថ្ងៃទី១០ ខែមីនា និងបង្កឲ្យផ្ទុះអាវុធចំនួន ២គ្រាប់ ក្នុងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៤៖៣០នាទីរសៀល។

ប្រជាពលរដ្ឋម្នាក់ ដែលជាជនរងគ្រោះរៀបរាប់ប្រាប់ថា ស្វាយចន្ទីរលើដីចំការរបស់គាត់ដែលកំពុងអាស្រ័យផល បានដាំដុះរយៈពេល០៨ឆ្នាំមកហើយ និងអាស្រ័យផល ជារៀងរាល់រដូវ អស់រយៈពេល០៥ឆ្នាំមកហើយដែរ។

ទើបក្នុងថ្ងៃកើតហេតុផ្ទុះអាវុធ, លោកកំពុងដើររើសចន្ទីរជាមួយម្តាយចាស់ក្បែរផ្ទះ ស្រាប់តែលឺសម្លេងឆ្កែព្រុះនៅមុខផ្ទះ, រូបលោក ក៏ដើរមករកក៏ជួបមនុស្សមនុស្ស ចំនួន០៥នាក់ ក្នុងនោះ មានលោក តិប ញាតា ដែលរូបលោកស្គាល់ច្បាស់ហើយហៅឲ្យឈប់ និងនិយាយគំរាមកំហែងថា «ដីនេះជាដីក្នុងដែនតំបន់ស្តាព្រៃឈើឡើងវិញ» និងបង្ខំឲ្យផ្តិតមេដៃលើក្រដាសសមួយសន្លឹក តែរូបលោកមិនព្រម! បន្ទាប់មកក៏គំរាមវាយខ្នោះ និងចាប់ដាក់គុក, លឺដូច្នេះរូប លោកភ័យខ្លាចក៏រត់ចេញ! ស្រាប់តែស្រែកគំរាមឲ្យឈប់ និងដកកំភ្លើងបាញ់ចំនួន២គ្រាប់ទៀតផង។

ប្រជាពលរដ្ឋក្នុងភូមិ សូមអំពាវនាវដល់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ជួយដោះស្រាយឲ្យទទួលបានដីអាស្រ័យផលវិញផង និងសូមលំអោនកាយជូនពរសពីចម្ងាយជូនពរលោកទាំងពីរ មានសុខភាពល្អ ដើម្បីបន្តជាម្លប់ដឹកនាំប្រទេសជាតិ និងប្រជាពលរដ្ឋ ក្រោមដំបូលសន្តិភាព។

ជាមួយគ្នានេះ លោក ស៊ន ពិសិដ្ឋ មេភូមិអូគរគី ប្រាប់ដែរថា ប្រជាពលរដ្ឋរបស់លោកមួយចំនួនរស់នៅតាំងពីឆ្នាំ២០០៦មកម្ល៉េះ រហូតមកដល់សព្វថ្ងៃមានប្រជាពលរដ្ឋរស់នៅអចិន្រ្តៃ សរុបប្រមាណ ២៥៦គ្រួសារ និងត្រូវបានរៀបចំឲ្យមានការិយាលួយបោះឆ្នោតចំនួន ២លើកមកហើយ។

ទន្ទឹមនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាស និងសម្រេចបង្កើតភូមិ នៃខេត្តកំពង់ធំ តាមប្រកាសលេខ ៥៣០ ប្រ.ក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។ លោកមេភូមិបន្តថា ក្នុងមួយរយៈពេលចុងនេះ ជាពិសេសនៅខែមេសា ឆ្នាំ២០២០, រូបលោកបានធ្វើរបាយការណ៍ជូនប៉ុស្តិ៍នគរបាលបឹងល្វា ស្តីការផ្ទុះអាវុធដែលប្រជាពលរដ្ឋរបស់ លោករងគ្រោះផងដែរ។

ឆ្លើយតបជាមួយគ្នានេះដែរលោក តឹប ញាតា នាយរងអធិការដ្ឋានខាងជើងបឹងទន្លេសាប បានប្រាប់ដែរថា ដីរបស់ប្រជាពលរដ្ឋដែលតវ៉ា គឺស្ថិតនៅក្នុងដីតំបន់ផ្សព្វផ្សាយ និងស្តារព្រៃឡើងវិញ ហើយការផ្ទុះអាវុធ នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ គឺមន្ត្រីរបស់លោកបានប្រើប្រាស់សិទ្ធិការពារខ្លួននៅពេលចុះប្រតិបត្តិការ ទប់ស្កាត់ប្រជាពលរដ្ឋក្នុងដីតំបន់ស្តារឡើងវិញតែប៉ុណ្ណោះ៕