(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ អំពីការសម្រួលរបស់រដ្ឋាភិបាលម៉ាឡេស៉ី ចំពោះជនបរទេសដែលកំពុងជាប់គាំងនៅប្រទេសនោះ ពិសេសអ្នកដែលអស់សុពលភាពទិដ្ឋាការ អំឡុងពេលបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរ នៅមានជាធរមានរហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

សេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា៖

*ទី១៖ ជនបរទេសទាំងអស់ដែលទិដ្ឋាការស្នាក់នៅអស់សុពលភាព ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០មក អាចបន្ដស្នាក់នៅក្នុងប្រទេសម៉ាឡេស៉ី រហូតដល់បទបញ្ជាត្រួតពិនិត្យការធ្វើដំណើររបស់រដ្ឋាភិបាលត្រូវបានបញ្ចប់ និងមិនត្រូវចាប់ឈ្មោះនៅក្នុងបញ្ជីខ្មៅ ឬបង់ប្រាក់ពិន័យឡើយ ហើយអាចចាកចេញពីប្រទេសម៉ាឡេស៉ី ក្នុងរយៈពេល១៤ថ្ងៃ បន្ទាប់ពីបទបញ្ជាត្រួតពិនិត្យការធ្វើដំណើររបស់រដ្ឋាភិបាលត្រូវបានបញ្ចប់។

*ទី២៖ ជនបរទេសទាំងអស់ដែលបណ្ណពន្យាការស្នាក់នៅ (Pass) របស់ខ្លួនអស់សុពលភាពចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ អាចមកពន្យារឡើងវិញ នៅការិយាល័យអន្ដោប្រវេសន៍ដែលនៅជិតបំផុត ក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃ បន្ទាប់ពីរាជរដ្ឋាភិបាលម៉ាឡេស៉ីបិទបញ្ចប់បទបញ្ជាត្រួតពិនិត្យការធ្វើដំណើរ។

*ទី៣៖ សម្រាប់ការទទួលសេវាផ្សេងៗ ត្រូវធ្វើការណាត់ជួបតាមប្រព័ន្ធ www.sto.imi.gov.my ដែលនឹងចាប់ដំណើរការពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០តទៅ លើកលែងតែផ្នែកទិដ្ឋាការបណ្ណពន្យាការស្នាក់នៅ បណ្ណអនុញ្ញាតការងារ និងការស្នើសុំសិទ្ធស្នាក់នៅអចិន្ដ្រៃយ៍។

*ទី៤៖ ការផ្ដល់សេវាកម្មអន្ដោប្រវេសន៍ទាំងអស់ ដែលនៅតាមមជ្ឈមណ្ឌលផ្ដល់សេវាសាធារណៈតំបន់ប្រជុំជននានា នៅទូទាំងប្រទេស នឹងបើកដំណើរការឡើងវិញ បន្ទាប់ពីបទបញ្ជាត្រួតពិនិត្យការធ្វើដំណើរត្រូវបានបិទបញ្ចប់៕