(ភ្នំពេញ)៖ ទោះបីជាមិនទាន់ជាសះស្បើយទាំងស្រុងក៏ដោយ អ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាដែលសេសសល់ត្រឹមចំនួន២នាក់នោះ កំពុងមានសុខភាពល្អធម្មតា ប៉ុន្តែពួកគេនៅតែមានមេរោគកូវីដ១៩ បន្ទាប់ពីធ្វើតេស្តច្រើនដង។ នេះបើតាមការអះអាងរបស់ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល។

លោក លី សូវ៉ាន់ បានថ្លែងនៅក្នុងសន្និសីទកាសែត ដែលរៀបចំដោយក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖ «អ្នកជំងឺដែលសេសសល់២នាក់ហ្នឹង គឺគាត់ជាជនជាតិខ្មែរទាំងពីរ គឺម្នាក់នៅបន្ទាយមានជ័យ អាយុ៣៦ឆ្នាំ ភេទស្រី គាត់ធ្វើតេស្តប្រមាណជាង១០ដង ប៉ុន្តែនៅតែវិជ្ជមាន ប៉ុន្តែគាត់មានសុខភាពល្អទេ ដោយឡែកនៅកំពង់ឆ្នាំង វ័យចាស់អាយុ៧៥ឆ្នាំ បុរស គាត់ធ្វើដំណើរមកពីម៉ាឡេស៊ី គាត់នៅតែបន្តវិជ្ជមានបន្ត ប៉ុន្តែសុខភាពរបស់គាត់នៅតែល្អ យើងកំពុងពិគ្រោះធ្វើយ៉ាងម៉េចឱ្យគាត់ឆាប់ជា»

សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់ នៅសេសសល់តែ២នាក់ប៉ុណ្ណោះ ក្នុងចំណោម១២២ករណីនៅកម្ពុជា ដែលកំពុងសម្រាកព្យាបាល។

បើតាមក្រសួងសុខាភិបាល អ្នកជំងឺដែល១២០នាក់ ដែលបានចេញពីមន្ទីរពេទ្យនោះ គឺជាអ្នកជំងឺដែលជាសះស្បើយទាំងស្រុង បន្ទាប់ពីពួកគាត់ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក រយៈពេល២សប្តាហ៍រួចមក។

ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាវិធានការនានារបស់ខ្លួន ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយអំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិធានការទាំងអស់នោះ ដោយសារតែស្ថានភាពកូវីដ១៩ នៅតែផុយស្រួយនៅឡើយ នៅក្នុងប្រទេសកម្ពុជា៕