(សៀមរាប)៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដោយមានកិច្ចសហការ ពីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរផ្សារលើ បានចុះត្រួតពិនិត្យរកភាពមិនអនុលោម លើផលិតផលម្ហូបអាហារ នៅផ្សាលើ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយបានកំណត់ យកមុខទំនិញហូបចុក ដែលមានហានិភ័យខ្ពស់ចំនួន១៤គំរូមកវិភាគ។
ជាលទ្ធផល ក្នុងចំណោមគំរូវិភាគទាំង១៤នោះ មន្ត្រីជំនាញយើងពុំបានរកឃើញទំនិញ ដែលមានផលប៉ះពាល់ ដល់សុវត្ថិភាពប្រើប្រាស់ឡើយ។
នៅព្រឹកថ្ងៃដដែល មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តសៀមរាប ក៏បានបន្តធ្វើការចុះអង្កេតរកភាព មិនអនុលោមលើទំនិញ ហូបចុកនៅផ្សារទំនើបមួយទៀត ឈ្មោះ ចៅ សាំងហុក ដែលជាផ្សារទំនើបធំមួយក្នុងខេត្តសៀមរាប។ មន្ត្រី ក៏ពុំបានរកឃើញទំនិញ មិនប្រក្រតី ដែលដាក់តាំងលក់នៅទីនោះដែរ។
លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខា ក.ប.ប ខេត្តសៀមរាប បានឲ្យដឹងថា ដោយមានកិច្ចសហការយ៉ាងល្អ ពីរដ្ឋបាលខេត្តសៀមរាប និងបណ្តាអង្គភាពជំនាញ ថ្នាក់ក្រោមជាតិ សាខា ក.ប.ប ខេត្តសៀម រាប បានធ្វើការអង្កេត ត្រួតពិនិត្យ ស្រាវជ្រាវ រកភាពមិនអនុលោមលើផលិតផល ម្ហូបអាហារ និងមិនមែនម្ហូបអាហារ ដែលដាក់លក់លើទីផ្សារ និងបណ្តាញលក់ដូរតាមអនឡាញ ទទួលបានផ្លែផ្ការជាបន្តបន្ទាប់។
ជាក់ស្តែង នៅត្រីមាសទី១ ដើមឆ្នាំនេះ សាខា ក.ប.ប ខេត្តសៀមរាប បានរកឃើញនិងដកហូត ទំនិញម្ហូបអាហារ និងមិនមែនម្ហូបអាហារ ដែលមិនមានភាពអនុលោម សរុបជាង ៣៣៥ គីឡូក្រាម ត្រូវបានរកឃើញ ហើយមកដល់ពេលនេះ ទំនិញដែលមិនមានភាព អនុលោមសរុប ២,៩៩៨ គីឡូក្រាម ត្រៀមនឹងសុំការអនុញ្ញាត ពីព្រះរាជអាជ្ញា ដើម្បីធ្វើការកំទេចចោល។
បើតាមលោកប្រធានសាខា ទំនិញដែលមិនមានភាពអនុលោមនោះ រួមមាន ម្ហូបអាហារ ដែលហួសកាលបរិច្ឆេទ ម្ហូបអាហារដែលប្រើប្រាស់ សារធាតុគីមីហាមឃាត់ និងជាពិសេសអាល់កុល ដែលពុំមានសុវត្ថិភាព ដែលប្រជានកម្ពុជាកំពុងពេញនិយមប្រើប្រាស់ ក្នុងខណៈដែលមេរោគកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក។
ខេត្តសៀមរាប ជាខេត្តដែលមានសក្តានុពលទេសចរមួយ និងជាខេត្តដែលទាក់ទាញ ប្រជាជនមករស់នៅ ដើម្បើប្រកបការងារ និងបង្កើតអាជីវកម្មផ្សេងៗ ក្នុងដង់ស៊ីតេមួយខ្ពស់។ លោក ខៀវ បញ្ញាវឌ្ឍន៍ អះអាងថា លោកនិងមន្ត្រីទាំងអស់ ដោយមានការគាំទ្រ ពីរដ្ឋបាលខេត្តផង នឹងព្យាយាមអស់លទ្ធភាព ធ្វើអោយទំនិញម្ហូបអាហារ និងមិនមែនម្ហូបអាហារ នៅខេត្តសៀមរាប មានសុវត្ថិភាពខ្ពស់ បម្រើដល់តម្រូវការ របស់ប្រជាជន ក្នុងខេត្តនិងទេសចរ ដែលលោកសង្ឃឹមថា នឹងមានការកើនឡើង បន្ទាប់ពីការរាតត្បាតជាសកល ពីមេរោគកូវីដ-១៩ ដ៏គួរឲ្យភ័យខ្លាចនេះ៕