(ពោធិ៍សាត់)៖ ផ្លូវលំគ្រួសក្រហម៤ខ្សែ ប្រវែង៣៣.២៧០ម៉ែត្រ និងស្ពានដែកបាឡេ ៦កន្លែង ក្នុងឃុំថ្មដា និងឃុំក្រពើពីរ ស្រុកវាលវែង ដោយចំណាយថវិកាអស់ជាង៥៤ម៉ឺនដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០២-០៣ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្រោមអធិបតីភាព លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ខេត្តពោធិ៍សាត់ និងលោកស្រី ជា ខេង ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាង ក្រុមហ៊ុនវារីអគ្គិសនីអាតៃ អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំង២ឃុំ បានចូលរួមយ៉ាងច្រើនកុះករ។
លោក ហេង សុភាណា អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានថ្លែងជម្រាបជូនថា រដ្ឋបាលស្រុកវាលវែង ត្រូវបានបង្កើនឡើង តាមអនុក្រឹត្យលេខ ៤០អនក្រ កបចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៩៨ ជាស្រុកមួយក្នុងចំណោមស្រុក ក្រុងទាំង៧ របស់ខេត្តពោធិ៍សាត់។ ស្រុកវាលវែង មាន៥ឃុំ ២០ភូមិ និង២៣ភូមិ ឧបស័ម្ពន្ធមានប្រជាពលរដ្ឋ៨,៣៨៧គ្រួសារ ស្មើនឹង៣៤,៣២៥នាក់ ជាស្រុកមួយសម្បូរធនធានធម្មជាតិ ព្រៃភ្នំ ជ្រោះជ្រងជ្រលងដងអូរ និងមានទឹកធ្លាក់ ហើយជាពិសេសជាងនេះទៅទៀតនោះ គឺផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ពីអ្នកតាឃ្លាំងមឿង ទៅកាន់ឃុំថ្មដា ជាប់ព្រំដែនថៃ មានប្រវែងជាង១៨២គីឡូម៉ែត្រ និងកំពុងស្ថាបនាផ្លូវជាតិលេខ១០ពីសំឡូត វាលវែង អូរសោម រហូតដល់កោះកុងមានជាងប្រវែង១៩៨គីឡូម៉ែត្រ។
លោកអភិបាលស្រុកបានលើកឡើងទៀតថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ នៅក្នុងឃុំថ្មដា និងកងកម្លាំងប្រដាប់អាវុធ រក្សាការពារព្រំដែនកម្ពុជា-ថៃនោះ លោក ស៊ុយ សែម និងលោកស្រី ជា ខេង រួមជាមួយសប្បុរសជន បានផ្តួចផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធ នូវផ្លូវគ្រួសក្រហមនៅក្នុងឃុំថ្មដា មួយខ្សែ ប្រវែង៥០៧០ម៉ែត្រ និងស្ពានដែក២កន្លែង ដោយចំណាយថវិកាអស់ជាង៨ម៉ឺនដុល្លារអាមេរិក និងឃុំក្រពើពីរ ផ្លូវគ្រួសក្រហម៣ខ្សែមាន ប្រវែង ២៨.២០០ម៉ែត្រ និងស្ពានដែក៤កន្លែង ចំណាយថវិកាអស់ជិត៤៨ម៉ឺនដុល្លារអាមរិក ដែលបានធ្វើពិធីសម្ពោអនាពេលនេះ សម្រាប់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើរ ជាអំណោយរបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងសប្បុរសជន។
លោករដ្ឋមន្ត្រី ស៊ុយ សែម បានថ្លែងថា ការសម្រេចបានជោគជ័យ ក្នុងការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនខ្វាត់ខ្វែង ប្រទាក់ក្រឡាដោយរលូន ពីទីប្រជុំជនរហូតដលជនបទ ដែលក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បានអនុវត្តកន្លងមក គឺអាស្រ័យដោយការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកថា ហេដ្ឋារចនា សម្ព័ន្ធដឹកជញ្ជូនជាវិស័យអាទិភាពរបស់ជាតិ។
ដូចនេះផ្លូវលំគ្រួសក្រហម ៤ខ្សែ មានប្រវែង៣៣.២៧០ម៉ែត្រ និងស្ពានដែក៦កន្លែង ដោយចំណាយថវិកាអស់ជាង ៥៤ម៉ឺនដុល្លារអាមេរិក នៅក្នុងឃុំថ្មដា និងឃុំក្រពើពីរ ស្រុកវាលវែង ដែលបានសម្ពោធនាពេលនេះ គឺជាសមិទ្ធិផលថ្មីមួយទៀត ព្រោះថាផ្លូវលំជនបទ គឺជា សរសៃឈាមសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពល របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ ក៏ដូចកងកម្លាំងប្រដាប់អាវុធ ដែលមានភារកិច្ចរក្សាការពារខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ងាយស្រួលក្នុងដឹកជញ្ជូនកសិផល និងធ្វើដំណើរជាដើម។
លោករដ្ឋមន្ត្រីបានបញ្ជាក់ជូនទៀតថា សម្រាប់ស្រុកវាលវែង បានកំពុងដំណើរការ ស្ថាបនាផ្លូវគ្រួសក្រហម ចំនួន៣៤ខ្សែ មានប្រវែង១០១គីឡូម៉ែត្រ ស្ពានដែក៨កន្លែង និងលូគ្រប់ប្រភេទ១០០កន្លែង ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងនោះឃុំប្រម៉ោយ ទទួលបានផ្លូវ២០ខ្សែ ប្រវែងជាង៣៤គីឡូម៉ែត្រ ឃុំក្រពើពីរទទួលបានផ្លូវ៤ខ្សែ ប្រវែងជាង៣៥គីឡូម៉ែត្រ ស្ពាន៤កន្លែង ឃុំអន្លង់រាប ទទួលបានផ្លូវ៥ខ្សែ ប្រវែងជាង១៨គីឡូម៉ែត្រ ស្ពានដែក២កន្លែង និងឃុំអូរសោម ទទួលបានផ្លូវ៤ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ និងស្ពានដែក២កន្លែង។
នៅពេលទទួលបាននូវសមិទ្ធិផលទាំងនេះ សូមអាជ្ញាធរ និងប្រជាពលរដ្ឋចូលរួមជួយថែរក្សា ឱ្យបានគង់វង្សយូរអង្វែង ជាមួយគ្នានោះដែរត្រូវយកចិត្តទុកដាក់ ក្នុងការការពារ បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ កូវីដ១៩ ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ ព្រមទាំងចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួម និងឧបត្ថម្ភថវិកា៤ពាន់ដុល្លារអាមេរិក ដល់ សាលាបឋមសិក្សាក្រសាំងភ្នៅ សម្រាប់ជួសជុលសាលាផងដែរ៕