(ភ្នំពេញ)៖ Samsung ដែលជាក្រុមគ្រឿងអេឡិចត្រូនិច ដ៏ធំមួយរបស់កូរ៉េខាងត្បួង បានចូលរួមអភិវឌ្ឍផ្នែកបច្ចេកវិទ្យា នៅកម្ពុជាតាម រយៈផ្តល់ឱកាសការងារ ដល់និស្សិតខ្មែរនៅក្នុង មជ្ឈមណ្ឌលសេវាកម្មរបស់សាមសុង ក្នុងទីក្រុងភ្នំពេញ ដើម្បីទទួលបានចំណេះដឹងថ្មីៗ ពីបុគ្គលិកជំនាញមកពីក្រៅប្រទេស និងជាការលើកទឹកចិត្ត ដល់និស្សិតដែលកំពុងសិក្សា ផ្នែកបច្ចេកវិទ្យា ខណៈពេលដែលកម្ពុជា កំពុងត្រូវការ អ្នកជំនាញ ផ្នែកនេះជាច្រើននាក់។
លោក ហួន ជេស្តា ដែលបំរើការនៅក្នុងមជ្ឈមណ្ឌល សេវាកម្មរបស់ក្រុមហ៊ុន Samsung នៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីបានចូលសិក្សា នៅក្នុងវគ្គបណ្តុះបណ្តាលរបស់ Samsung Tech Institute កាលពីឆ្នាំ២០១៤ បានឲ្យដឹងថា៖ «ខ្ញុំបានទទួលចំណេះដឹងទាំងរបៀប ជួសជុល ការតំឡើងកម្មវិធីមូល ហេតុដែលបណ្តាលអោយគ្រឿង អេឡិចត្រូនិចខូច Software នឹងបច្ចេកវិទ្យាថ្មីៗជាច្រើនបន្ទាប់ពី បានមក ធ្វើការងារនៅទីនេះ។ កាលពីមុនយើងរៀនទ្រឹស្តីច្រើន តែនៅទីនេះយើងបានអនុវត្តន៍ច្រើន។ »
មាននិស្សិតដែលរៀបចប់វគ្គសិក្សារបស់ Samsung Tech Instituteជំនាន់ទី១ ចំនួន៤នាក់ ដែលកំពុង បំរើការងារនៅមជ្ឈមណ្ឌល សេវាកម្ម របស់ក្រុមហ៊ុនសាមសុង នៅក្នុងទីក្រុងភ្នំពេញ ដែលរួមមាន លោកលី វ៉ាន់ណយ លោកទុំ បូរិទ្ទ និងលោកណេង បូរ៉ា។
លោក ណេង បូរ៉ា និង លោក លីវ៉ាន់ណយ ក៏បានអោយដឹងដែរថាក្រុមគ្រួសារ របស់លោកពិតជាមាន មោទនភាពណាស់នៅពេល ដែលបានឃើញកូនរបស់ខ្លួនបានធ្វើការនៅក្នុងក្រុមហ៊ុនដ៏ល្បីល្បាញមួយនេះ។
លោក បូរ៉ា បានបញ្ជាក់ថា៖ «អ្នកភូមិខ្ញុំបានជម្រុញឲ្យកូនៗ មករៀននៅវិទ្យស្ថានជាតិ បច្ចេកវិទ្យានៃកម្ពុជា ដើម្បីបានមានឱកាស បានធ្វើការងារក្នុងក្រុមហ៊ុនធំដូចខ្ញុំ។»
វគ្គបណ្តុះបណ្តាលSamsung Tech Institute គឺជាវគ្គបណ្តុះបណ្តាលបច្ចេកវិជ្ជាដំបូងគេបង្អស់ក្នុង ប្រទេសកម្ពុជាក្រោមការឧបត្ថម្ភនិង រៀបចំឡើង ដោយក្រុមហ៊ុន សាមសុងនិងវិទ្យាស្ថានជាតិបច្ចេកទេស កម្ពុជាតាំងពីឆ្នាំ២០១៤ ដោយមានគោលបំណងលើកកម្ពស់ គុណភាពធនធានមនុស្ស លើផ្នែកបច្ចេកទេស ដើម្បីប្រាកដថាគ្រប់និស្សិតដែលឆ្លងកាត់ វគ្គបណ្តុះបណ្តាលនេះនឹងអាចទទួលបាន ចំណេះដឹងពិតប្រាកដើម្បីទទួលបានការងារល្អ ដើម្បីផ្គត់ផ្គង់គ្រួសារ និងជួយដល់ ការអភិវឌ្ឍន៍សង្គមផងដែរ។ និស្សិតឆ្នើមរៀនចប់ ពីវគ្គបណ្តុះបណ្តាលនេះ ត្រូវបានជ្រើសរើសឲ្យបំរើការងារ នៅក្នុងក្រុមហ៊ុនសាមសុង។
លោក ទុំ បូរិទ្ធ ឲ្យដឹងថា៖ « ការចាប់យកជំនាញបច្ចេកវិទ្យានេះគឺល្អណាស់សំរាប់យុវជនកម្ពុជាព្រោះបច្ចុប្បន្ននេះទីផ្សារការងាមានច្រើន សំរាប់មុខជំនាញនេះហើយនៅពេល ដែលយុវជនកម្ពុជា យើងចេះជំនាញនេះ ច្រើនវាក៏ធ្វើអោយបច្ចេកវិទ្យានៅប្រទេសកម្ពុជាមានការ រីកចំរើនដែរ។ »
ថ្មីៗនេះស្របពេលដែលប្រទេសកម្ពុជាបាននិងកំពុងធ្វើកំណែទម្រង់វិស័យអប់រំ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំយុវជន និងកីឡា ក៏បានជំរុញនិងលើកទឹកចិត្តអោយនិស្សិតកម្ពុជាចាប់យកជំនាញសំខាន់ៗដែលមានដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វ័កកម្ម និងគណិតវិទ្យា (STEM) ដែលសុទ្ធសឹងជាជំនាញដែលជំរុញអោយការស្ថាបនានិងការអភិវឌ្ឍន៍របស់ ប្រទេសកម្ពុជាកាន់តែមាន ការរីកចំរើន។
ក្នុងរយៈ២ឆ្នាំនេះ មាននិស្សិតប្រមាណជាង ១០០នាក់ ដែលបានសិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ ក្នុងចំណោមនោះ និស្សិតខ្លះបាន ទទួលការងារ នៅក្រុមហ៊ុនសាមសុង ភ្នំពេញ ហើយមាននិស្សិត ជាច្រើននាក់ទៀតដែលបានចេញទៅបម្រើការនៅតាមស្ថាប័ន ផ្សេងៗទាំងក្នុងប្រទេសនិងក្រៅប្រទេស។ និស្សិតដែលទើបនឹងបញ្ចប់វគ្គបណ្តុះបណ្តាលSamsung Tech Institute ជំនាន់ទី ២ នឹងចូលមក បម្រើការងារនៅក្នុងក្រុមហ៊ុនសាមសុង នាពេលឆាប់នេះ៕