(ភ្នំពេញ)៖ កូនដើមឈើប្រមាណជិត៣,០០០ដើម សុទ្ធសឹងតែជាប្រភេទឈើកំរ ត្រូវបានរដ្ឋបាលព្រៃឈើភ្នំពេញ ធ្វើការដាំនៅទីតាំងផ្សេងៗគ្នា នៅក្នុងទីក្រុងភ្នំពេញ ប្រយោជន៍ដើម្បីលំអសោភណ្ឌភាពទីក្រុង និងជាគំរបពណ៌បៃតង ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ នៅក្នុងភពផែនដី។
ជាមួយគ្នានេះ អាជ្ញាធរ នៃរដ្ឋបាលព្រៃឈើភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដាំដើមឈើទាំងអស់គ្នា ហើយប្រសិនបើខ្វះខាតកូនឈើ សូមធ្វើការស្នើសុំ មកខាងរដ្ឋបាលព្រៃឈើ។
នេះតាមការលើកឡើងរបស់ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ និងក្នុងពិធីចុះដាំដើមឈើបន្ថែម នៅក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ។
លោក គាំ សីហា បានបន្ថែមថា ដើមឈើមានសារៈសំខាន់ ក្នុងការជួយថែរក្សាបរិស្ថាន នៅជុំវិញមន្ទីរពេទ្យនេះ ឲ្យកាន់តែមានភាពបៃតងស្រស់ស្អាត ពិសេសជួយ កាត់បន្ថយ ការបម្រែបម្រួលអាកាសធាតុ នៅលើភពផែនដី ជួយកម្ចាត់ជាតិពុលនានា។ លោកថា ដើមឈើក៏បានផ្តល់ជាម្លប់ និងជូយកម្ចាត់ឧស្ម័នកាបូនិច ដែលបំពុលខ្យល់ និងបង្កើនឧស្ម័នអុកស៊ីសែនផងដែរ។
ជាមួយគ្នានោះ លោកក៏បានសំណូមពរ ឲ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ ប្រសិនបើមានការខ្វះខាតកូនឈើ អាចស្នើសុំមកខាងរដ្ឋបាលព្រៃឈើ ដើម្បីចែកជូនបាន។
លោកវេជ្ជៈបណ្ឌិត លាន គឺមស្រេង ទទួលបន្ទុកផ្នែកសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យកុមារជាតិ បានជំរុញ និងបំផុសប្រជាជនឲ្យស្រលាញ់ និងថែទាំដើមឈើ ព្រោះវា បានជាម្លប់សំរាប់បងប្អូន ដែលនាំកូនមកពិនិត្យជំងឺ ម៉្យាងទៀតក៏ជួយកាត់បន្ថយជាតិពុលផ្សេងៗ មកកាន់មន្ទីរពេទ្យផងដែរ។
បើតាមការបញ្ជាក់ របស់នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឲ្យដឹងថា កូនឈើប្រមាណជាង២,៥០០ដើម ដែលជាប្រភេទឈើកំរ រួមមានធ្នង់ គគីរ បេង ត្រូវបានអាជ្ញាធរ រួមទាំងភាគីពាក់ព័ន្ធ ធ្វើការដាក់ដាំនៅតាមទីតាំងផ្សេងៗគ្នា ក្នុងរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិ វត្ដអារាម មន្ទីពេទ្យ និងតំបន់អភិវឌ្ឍបឹងកក់ គល់ស្ពានជ្រោយចង្វារជាដើម ជាប្រយោជន៍សំរាប់មនុស្ស សត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀង សំរាប់បង្កបង្កើនផល ចិញ្ចឹមជីវិតមនុស្សលោក កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅរបស់ភពផែនដីផងដែរ៕