(ភ្នំពេញ)៖ លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ បានស្នើឱ្យអាជ្ញាធរដោះលែង សហជីពរបស់លោក៥នាក់ ដែលត្រូវបានឃាត់ខ្លួនបន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅរោងចក្រ Agile sweater នៅភូមិតាអោង សង្កាត់ច្បារមន ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។
លោក ប៉ាវ ស៊ីណា បានលើកឡើងនៅក្នុងសន្និសីទមួយ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះថា «មួយទៀតគឺយើងស្នើឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺដោះលែង មន្រ្តីទាំង៥រូបនោះជាបន្ទាន់ ព្រោះពួកគាត់ជាអ្នករងគ្រោះ ពួកគាត់មិនមែនជាជនល្មើសទេ ប៉ុន្តែពួកគាត់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយ៉ាងអយុត្តិធម៌ ហើយអំពាវនាវឱ្យសមត្ថកិច្ចខេត្តកំពង់ស្ពឺចាប់ខ្លួនជនល្មើសដូចគ្នាដែរ»។
នៅម៉ោងប្រមាណ៧៖០០ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ មានហេតុការណ៍ប៉ះទង្គិចគ្នាមួយ រវាងក្រុមកម្មកររោងចក្រ ជាមួយនឹងមនុស្សមួយក្រុមទៀត ដែលគេអះអាងថា ជាក្រុមការពារថៅកែរោងចក្រ បង្កឱ្យមានអ្នករបួសមួយចំនួន។ បន្ទាប់ពីកើតហេតុរួច សមត្ថកិច្ចបានចាប់ខ្លួនសហជីព របស់លោក ប៉ាវ ស៊ីណា ៥នាក់ ដែលមានវត្តមាននៅទីនោះ។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៌ កែវ ពិសី បានប្រាប់អង្គភាព Fresh News ថា ការចាប់ខ្លួនក្រុមសហជីព៥នាក់ កាលពីព្រឹកមិញនោះ គឺធ្វើឡើងតាមបញ្ជារបស់ព្រះរាជអាជ្ញា ក្រោយពីក្រុមសហជីពទាំង២ បានផ្ទុះហិង្សាដាក់គ្នា ។ លោកស្នងការបានថ្លែងថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ លោកព្រះរាជអាជ្ញា ក៏បានបញ្ជាឲ្យចាប់ខ្លួន កម្មករម្នាក់ក្រោយពី ប្រើហិង្សាបំផ្លិចបំផ្លាញរោងចក្រផងដែរ រហូតមានការតវ៉ា ជាបន្តបន្ទាប់រហូតមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ ហើយនាំឲ្យកើតមានឡើងហិង្សាតែម្តង ។
ទោះជាយ៉ាងណា លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បាននិយាយថា បើសិនជាសមត្ថកិច្ចពុំមិនព្រមដោះលែង សហជីពទាំង៥នាក់ទេនោះ ក្រុមសហជីពទាំងអស់មកពីបណ្តា ខេត្តនានា នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំតែម្តង។
សូមជំរាបថា មុននឹងឈានដល់អំពើហិង្សានេះ នាពេលកន្លងមក ក្រុមកម្មករធ្លាប់បានទាមទារលក្ខខណ្ឌការងារពីថៅកែ រយៈពេលជាង២សប្តាហ៍រួចទៅហើយ ប៉ុន្តែមិនទាន់មានដំណោះស្រាយនៅឡើយទេ ។ លក្ខខណ្ឌទាំងនោះមានដូចជា ៖ ទី១.សុំឲ្យដករដ្ឋបាលចេញ , ទី២.ឲ្យក្រុមហ៊ុនអនុញ្ញាតច្បាប់ជូនកម្មករ ពេលមានធុរៈចំាបាច់, ទី៣ ឲ្យក្រុមហ៊ុនផ្តល់ប្រាក់ធ្វើដំណើរបន្ថែម៣ដុល្លារទៀត, ទី៤ ឲ្យក្រុមហ៊ុនដកពាក្យបណ្តឹងដែលប្តឹងមកលើកម្មករនិងតំណាងកម្មករ, ទី៥ មិនត្រូវបញ្ឈប់កម្មករក្នុងកំឡុងពេលធ្វើកូដកម្មករឡើយ, ទី៦ ឲ្យក្រុមហ៊ុនប្តូរកិច្ចសន្យាពី៣ខែទៅ១ឆ្នាំវិញ ,ទី៧សូមឲ្យក្រុមហ៊ុនដំឡើង តម្លៃឡូតាមកម្រិតនៃអាវដែលដេរ, ទី៨ ឲ្យក្រុមហ៊ុន បន្ថែមលុយបាយពេលល្ងាយចំនួន ២០០០រៀល ទៀតនិងទី៩ ក្រុមហ៊ុនត្រូវគិត ប្រាក់ឈ្នួល ជូនកម្មករធ្វើការងារ នៅក្នុងថ្ងៃបុណ្យគុណនឹង២៕