(ភ្នំពេញ)៖ ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (Covid-19) ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនតែបៃតង អូអ៊ិឈិ (Oishi) បានឧបត្ថម្ភទឹកអាល់កុលសម្លាប់មេរោគចំនួន ៦,៣០០លីត្រ និងម៉ាស់ជូនដល់មន្ទីរពេទ្យទូទាំងប្រទេស តាមរយៈក្រសួងសុខាភិបាល។
ពិធីប្រគល់ និងទទួលជំនួយឧបត្ថម្ភខាងលើ ត្រូវបានធ្វើឡើងដោយក្រសួងសុខាភិបាលកាលពីចុងខែមេសាកន្លងទៅ ក្រោមវត្តមានលោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមានការចូលរួមពីលោកស្រី សៀង មុយ នាយកប្រតិបត្តិ តំណាងលោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេច អេស ស៊ី បេរើរេចជីស។
ជំនួយសប្បុរសធម៌សម្រាប់គាំទ្រដល់ក្រុមវេជ្ជបណ្ឌិត និងក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ដ្រ តាមរយៈក្រសួងសុខាភិបាល មានដូចជាទឹកអាល់កុលសម្លាប់មេរោគ ៣,៦០០លីត្រ, ម៉ាស់ចំនួន ៤,០០០ និងភេសជ្ជៈរបស់ក្រុមហ៊ុនជាច្រើនទៀត ដែលសរុបជាទឹកប្រាក់ចំនួន ៣៦,៦០០ដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា ក្រោមយុទ្ធនាការតែបៃតង អូអ៊ិឈិ ចូលរួមថែរក្សាប្រទេសកម្ពុជា។
លោកស្រី សៀង មុយ បានលើកឡើងថា ក្នុងនាមក្រុមហ៊ុន និងជាពលរដ្ឋម្នាក់ ពិតជាមានការព្រួយបារម្ភ និងផ្តោតការយកចិត្តទុកដាក់លើការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ-១៩ នៅទូទាំងសកលលោក ដែលបានសម្លាប់ជីវិតមនុស្ស រួមទាំងបុគ្គលិកសុខាភិបាលដែលប្រឈមនឹងហានិភ័យខ្ពស់ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ។ ហេតុនេះ ទើបក្រុមហ៊ុនចូលរួមគាំទ្រជាមួយយុទ្ធនាការរបស់ក្រសួងសុខាភិបាល។
លោកស្រីបានបន្ដថា «ក្រុមហ៊ុនសូមលើកទឹកចិត្តដល់ប្រជាជនកម្ពុជា រួមមានវេជ្ជបណ្ឌិត អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ សូមរក្សានូវភាពអត់ធ្មត់ និងរឹងមាំក្នុងស្ថានភាពដ៏លំបាកនេះ ព្រមទាំងគោរពតាមដំបូន្មានរបស់ក្រសួងសុខាភិបាល ដើម្បីយកឈ្នះលើវិបត្តិជំងឺឆ្លងនេះប្រកបដោយសុវត្ថិភាពទាំងអស់គ្នា»៕