(ប៉េកាំង)៖ អតីតអនុរដ្ឋមន្ត្រីសន្ដិសុខ សាធារណៈរបស់ចិន ត្រូវបានតុលាការកាត់ទោស ឲ្យជាប់គុកចំនួន ១៥ឆ្នាំ ពីបទស៊ីសំណូក នេះបើយោងតាម ការចេញផ្សាយរបស់ ទូរទស្សន៍ចិន CCTV នៅថ្ងៃទី១២ ខែមករា។
នៅក្នុងសេចក្ដីសម្រេចរបស់តុលាការបានឲ្យដឹងថា លោក Li Dongsheng ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក ដែលមានទឹកប្រាក់ ប្រមាណ ៣,៣លានដុល្លារអាមេរិក ដែលរឿងក្ដីរបស់លោក Li Dongsheng ត្រូវបានស្ថិតក្នុងចំណោមរឿងក្ដីពុករលួយធំជាងគេបំផុតនៅក្នុងប្រទេសចិន។
អំពើពុករលួយនេះ ត្រូវបានតុលាការចិន បញ្ជាក់ថា បានប្រព្រឹត្តតាំងពីលោក Li Dongsheng នៅកាន់តំណែង ចន្លោះឆ្នាំ១៩៩៦ ដល់ ២០១៣ ដែលនៅក្នុងអំឡុងពេលនោះ លោក Li Dongsheng មានឥទ្ធិពលយ៉ាងខ្លាំង ប៉ុន្តែលោកត្រូវបានបក្សកុំម្មុយនីស្ដចិន បណ្ដេញ ចេញពីតំណែងកាលពីដើមឆ្នាំ២០១៤ ប៉ុន្តែពីក្រុមស៊ើបការណ៍សម្ងាត់រកឃើញថា លោកបានស៊ីសំណូក៕