(កូឡាឡាំព័រ)៖ ក្រុមស៊ើបការណ៍សម្ងាត់ របស់ម៉ាឡេស៊ី បានបង្ហើបឲ្យដឹងថា មានក្មេងៗប្រមាណជា៨នាក់ កំពុងត្រូវបាន បណ្ដុះបណ្ដាល ឲ្យក្លាយទៅជាសកម្មប្រយុទ្ធ របស់ក្រុមឧទ្ទាម IS នេះបើយោងតាមសារព័ត៌មានក្នុងស្រុក ចេញផ្សាយ និងត្រូវបានដកស្រង់ ផ្សាយបន្ដដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១២ ខែមករា។
នៅក្នុងព័ត៌មានដែលទទួលបានពីក្រុមស៊ើបការណ៍សម្ងាត់ បានឲ្យដឹងថា ក្មេងៗទាំងនោះត្រូវបាន ឪពុកម្ដាយរបស់គេជាអ្នកបញ្ជូន ទៅកាន់ ជំរំរបស់ក្រុម IS ដោយផ្ទាល់ ដើម្បីឲ្យក្លាយទៅជាសកម្មប្រយុទ្ធ IS។
លោក Mohamad Fuzi Harun មន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី បានបញ្ជាក់ថា បច្ចុប្បន្នមានជនជាតិម៉ាឡេស៊ី ៤៧នាក់បានចូលរួមជាមួយក្រុម IS ដោយក្នុងនោះមានស្ត្រី ១២នាក់ ដោយពួកគេបានចាកចេញពីប្រទេសទៅកាន់អ៊ីរ៉ាក់ និងស៊ីរី។
គួរបញ្ជាក់ផងដែរថា កាលពីខែមុន មានវីដេអូមួយបានបង្ហាញថា ក្រុម IS កំពុងបណ្ដុះបណ្ដាល សកម្មប្រយុទ្ធរបស់ខ្លួននៅក្នុងព្រៃ នៃប្រទេសម៉ាឡេស៊ី ប៉ុន្តែព័ត៌មាននេះ ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីច្រានចោល៕