(ព្រះសីហនុ)៖ ដើម្បីជួយកាត់បន្ថយការចំណាយ និងគ្រោះថ្នាក់ចរាចរណ៍ ជាយថាហេតុ សម្រាប់កូនសិស្សសាលាតូចៗ ដែលនៅឆ្ងាយពីផ្ទះនោះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រកាសពីគម្រោងផ្តល់ជំនួយក្នុងការដោះស្រាយផ្តល់ប្រាក់ រកជួលរថយន្តឈ្នួល ដើម្បីជួយដឹកជញ្ជូនសិស្សទាំងនេះទៅរៀនសូត្រជារៀងរាល់ថ្ងៃ។
ការប្រកាសពីគម្រោងផ្តល់ជំនួយមួយនេះ ដល់សិស្សសាលាតូចៗ របស់លោកឧត្តមសេនីយ៍ស្នងការ បានធ្វើឡើងក្នុងឱកាសដែលលោក និងសហការីចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាអនុវិទ្យាល័យដូងប្រេងតា ក្នុងឃុំជើងគោ ស្រុកព្រៃនប់នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ស្នងការបានថ្លែងថា កន្លងមកសិស្សានុសិស្ស ដែលមានផ្ទះឆ្ងាយពីសាលារៀនដូចជា នៅម្តុំភូមិអន្លង់ក្រពើ ក្នុងឃុំជើងគោ ស្រុកព្រៃនប់ជាដើម ដោយនាំគ្នាស្ទាក់សុំរថយន្តដឹកទំនិញធំៗ ជិះទៅវិញទៅមក ទាំងពេលមកសាលារៀន និងពេលចេញទៅផ្ទះ ហើយពេលខ្លះខកខានម៉ោងរៀនសូត្រផងដែរ ហេតុដូច្នេះហើយលោកបានប្រកាសជួលរថយន្តដឹកពួកគេតែម្តង គោលបំណងជួយកាត់បន្ថយគ្រោះថ្នាកចរាចរណ៍ និងការចំណាយផ្សេងៗ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភថវិកាដល់លោកគ្រូ អ្នកគ្រូ ចំនួន៩នាក់ម្នាក់ៗ ទទួលបាន៥ម៉ឺនរៀល និងកូនសិស្សចំនួន១១៦នាក់ម្នាក់៥០០០រៀល ប៊ិចមួយដើម និងសៀវភៅមួយដើម៕