(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ បានចុះពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មី១ខ្នង មាន៦បន្ទប់ និងពិភាក្សាលើហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សាខាសមាគមនារីខេត្ត និងសប្បុរសជន ផ្តល់ជូនសាលាបឋមសិក្សាអំពួច «ជាសាលាដាច់ស្រយ៉ាល» ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
លោក សំ ណារិទ្ធិ អភិបាលស្រុកតាលោសែនជ័យ បានឱ្យដឹងថា សាលាបឋមសិក្សាអំពួច ជាសាលាស្ថិតក្នុងតំបន់ដាច់ស្រយ៉ាល ជាប់នឹងជើងភ្នំបាក់ ដែលមានសិស្សានុសិស្សចំនួន៩២នាក់ និងគ្រូបង្រៀន០៤នាក់ សិក្សាក្រោមដំបូលអគារចាស់១ខ្នង ធ្វើអំឈើ ប្រក់ស័ង្កសី ដែលបច្ចុប្បន្នមានសភាពចាស់ទ្រុឌទ្រោម និងធ្លុះធ្លោយស្ទើរទាំងស្រុង ធ្វើឱ្យសិស្សានុសិស្សពិបាកក្នុងការសិក្សារៀនសូត្រ ជាពិសេសនៅរដូវវស្សា។ លោកអភិបាលស្រុក បានជម្រាបជូនថា កាលពីអំឡុងឆ្នាំ២០១៩កន្លងទៅ ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និងជាសមាជិកាប្រតិបត្តិថ្នាក់កណ្តាល និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខា, បាននាំយកនូវទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តអំពួច ដែលជាវត្តអាត់ខាត់។ ជាមួយគ្នានោះ ប្រតិភូក៏បានចុះជួបសំណេះសំណាលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ និងបានពិនិត្យនូវកង្វះខាតជាក់ស្តែង ព្រមទាំងបានសម្រេចផ្តល់ជូនអគារសិក្សាថ្មីមួយខ្នង មាន៦បន្ទប់ ដើម្បីឱ្យកូនក្មួយ មានកន្លែងរៀនសូត្រសមរម្យ។
លោកអភិបាលស្រុកតាលោសែនជ័យ បានបន្ថែមថា ដើម្បីគៀងគរប្រមូលថវិកា សម្រាប់យកមកសាងសង់អគារសិក្សាថ្មីនេះ សាខាសមាគមនារីខេត្ត ក៏បានរៀបចំផ្តួចផ្តើម ប្រារព្ធពិធីបុណ្យផ្កាសាមគ្គីឡើង ដោយទទួលបានថវិកាជាង៦០លានរៀល និង៤០,៦២០ដុល្លារអាមេរិក គិតជាទឹកប្រាស់សរុប ៥៥,២៨៥ដុល្លារអាមេរិក។ ដោយគិតចាប់ពីអំឡុងខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ខែឧសភា ឆ្នាំ២០២០ សាលាបឋមសិក្សាអំពួច បានលេចចេញរូបរាងនូវអគាសិក្សាថ្មីស្រឡាង ប្រមាណជាង៩០%ហើយ សម្រាប់ជាក្តីសង្ឃឹម របស់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅក្នុងតំបន់នេះ។ លោកអភិបាលស្រុក ក៏សូមថ្លែងអំគុណ ចំពោះ លោក លោកស្រី និងបងប្អួនសប្បុរសជននានា ដែលបានរួមចំណែកជាថវិកា ក្នុងការសាងសង់អគារសិក្សាថ្មី១ខ្នង មាន៦បន្ទប់នេះឡើង ក្រោមគំនិតផ្តួចផ្តើម របស់លោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។
ថ្លែងក្នុងឱកាសចុះបំពេញបេសកកម្មខាងលើ លោក ម៉ៅ ធនិន បានលើកឡើងថា ជាការពិតណាស់ សាលារៀន គឺជាថ្នាលបណ្តុះបណ្តាលមនុស្សថ្មី និងជាស្ពានចម្លងគ្រោះអវិជ្ជា សម្រាប់កូនក្មួយ ក្នុងការស្វែងរកអនាគតរបស់ខ្លួន ដើម្បីចិញ្ចឹមជីវិត និងគ្រួសារ រស់នៅក្នុងភាពសុខក្សេមក្សាន្ត និងអាចជួយស្រោចស្រង់ជីវិតមនុស្ស ឱ្យរួចផុតពីភាពក្រខ្សត់បាន។ លោកបានផ្ដាំផ្ញើ ដល់អ្នកម៉ៅការសំណង់ឱ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះការងារសាងសង់អគារសិក្សាថ្មីនេះ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមមួយចំនួនទៀត ត្រូវអនុវត្តន៍ទៅតាមលក្ខណៈបច្ចេកទេស មានគុណភាព និងពន្លឿនការងារសាងសង់នេះ ឱ្យបានលឿនមុនការគម្រោងទុក និងបានក្រើនរំលឹកដល់អាជ្ញាធរស្រុក ត្រូវចុះត្រួតពិនិត្យជាប្រចាំ។ ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានជម្រាបជូនពីគោលបំណង ចង់ស្ថាបនាបន្ថែម នូវទីចាត់ការ អណ្តូងទឹក ដងទង់ជាតិ ក្លោងទ្វា របង និងបរិស្ថាននានា ក្នុងសាលាបឋមសិក្សាអំពួច ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ ប្រកបដោយសមធម៌ និងបរិយាបន្ន សម្រាប់កុមារជនជាតិដើមភាគតិច និងកុមារដែលរស់នៅតំបន់ដាច់ស្រយ៉ាល បានទទួលការរៀនសូត្រ ដូចកុមារនៅទីប្រជុំជននឹងគេដែរ។
ក្នុងថ្ងៃដដែលនោះ លោក ម៉ៅ ធនិន ក៏បានបន្តចុះពិនិត្យអគារសិក្សាថ្មី១ខ្នង មាន៥បន្ទប់ ដែលទើបសាងសង់រួច ក្នុងសាលាមត្តេយ្យសិក្សាតាលោ ដែលកន្លងមកមានការខ្វះខាតពិបាកក្នុងការបង្រៀន និងរៀន ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ៕