(កំពង់ស្ពឺ)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានបន្តធ្វើការផ្សព្វផ្សាយ អំពីវិធីសាស្ត្រការពារ និងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសក្នុងតំបន់ដាច់ស្រយ៉ា ដែលនៅភូមិ ឃុំ មួយចំនួន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ស្របតាមរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រឹងយ៉ាងខ្លាំងបំផុត ចំពោះជំងឺកាចសាហាវមួយប្រភេទនេះ។
ការផ្សព្វផ្សាយស្តីអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ដែលដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ ចូលរួមពីលោកសាស្ត្រចារ្យវេជ្ជបណ្ឌិត យឹម សុបុត្រា, លោកស្រីឱសថការី សេងតេង ច័ន្ទមាលី, លោក វង្ស វ៉ាន់នី, លោក ពាង ផារ័ត្ន, លោក សាន វណ្ណេត, លោកវេជ្ជបណ្ឌិត សាយ ឬទ្ធី, លោក ឈាង ហឿន រួមនឹងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៣២នាក់ សុទ្ធសឹងតែជាសាស្រ្តាចារ្យវេជ្ជបណ្ឌិតជំនាញៗ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានទំនុកចិត្តខ្ពស់សម្រាប់ការណែនាំ និងព្យាបាលជូនដល់បងប្អូនប្រជាពលរដ្ឋ។
ដំណើរចុះណែនាំ និងផ្សព្វផ្សាយរបស់ក្រុមការគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការសហការពីកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ស្ពឺ លោក មួង ធី អភិបាលស្រុកឱរ៉ាល់, ប្រធានគណបក្សស្រុក, ក្រុមការងារគណបក្សស្រុក, គណបក្សឃុំត្រពាំងជោ, មណ្ឌលសុខភាពត្រពាំងជោ និងសហភាពសហព័ន្ធយុវជនកម្ពុជា សរុបមានចំនួន២៧នាក់។
លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បាន អំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត ដោយលាងដៃឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ដោយការលាងដៃបន្ទាប់ពីមានប៉ះជាមួយនឹងសត្វគ្រប់ប្រភេទ និងគួរតែរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គល ដែលយើងសង្ស័យមានរោគសញ្ញាផ្លូវដង្ហើម។
លោកក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ នៅតាមដ្ឋានទាំងអស់ថា មិនគួរមានការជួបជុំច្រើននាក់ពេកនោះទេ និងចៀសវាងឲ្យបាននូវការរក្សាគម្លាតឲ្យឆ្ងាយពីគ្នា និងមិនគួរបរិភោគសាច់ឆៅនោះទេ គួរតែចម្អិនឲ្យបានឆ្អិន១០០ភាគរយ ទើបជាការល្អសម្រាប់សុខភាពបងប្អូនប្រជាពលរដ្ឋ។
លោកបន្ថែមថា បើទោះបីជាកម្ពុជានាពេលបច្ចុប្បន្ន មានការថមថយយ៉ាងខ្លាំង សម្រាប់ការព្យាបាលជូនដល់អ្នកជំងឺកូវីដ១៩ ដោយមានអ្នកជាសះស្បើយរហូតដល់១២០នាក់ បងប្អូនប្រជាពលរដ្ឋគួរតែបន្តការប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួន និងគ្រប់ពេលវេលា ដើម្បីធ្វើយ៉ាងណាទប់ទល់នឹងស្ថានការណ៍បែបនេះបន្តទៀត និងត្រូវអនុវត្តទៅតាមក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជានាពេលបច្ចុប្បន្នមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុប១២២នាក់ ខណៈមានអ្នកជាសះស្បើយកើនឡើងដល់១២០នាក់ហើយ នៅសល់តែ២នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានណែនាំដល់ប្រជាពលរដ្ឋពីរបៀប នៃការលាងដៃនឹងអាល់កុល ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់នៃការចូលមេរោគក្នុងខ្លួន។ ក្រៅពីនេះក្រុមការងារក៏បានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋ ឲ្យមានការរស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់ អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀតផងដែរ។
ជាងនេះទៅទៀត ក្រុមការងាគ្រូពេទ្យទាំងអស់ក៏បានចែកជូនថ្នាំពេទ្យ រួមនិងការពិនិត្យព្យាបាលដោយឥតគិតថ្លៃ រួមមានជំងឺ៖ ជំងឺផ្លូវចិត្ត, សន្លាក់ឆ្អឹង និងជំងឺក្រពះ ដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានគោលបំណងធំបំផុតគឺចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។
ក្រៅពីការចុះណែនាំ ផ្សព្វផ្សាយអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់នៃការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានហើយនោះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់ក៏បានចែកជូននូវនំប៉័ង និងទឹកបរិសុទ្ធជូនប្រជាពលរដ្នចំនួន៣០ខ្នងផ្ទះ សរុបមានចំនួន១៧៦នាក់។
ក្រៅពីការផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏បានពាំនាំសម្ភារមួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងមណ្ឌលកំពង់ស្ពឺ ដែលរួមមានដូចជា៖
១៖ ម៉ាស៊ីនវាស់កំដៅ ចំនួន ១គ្រឿង សម្រាប់ប្រើនៅរដ្ឋបាលឃុំត្រពាំងជោ
២៖ ម៉ាស៊ីនវាស់កំដៅ ចំនួន ១គ្រឿង សម្រាប់ប្រើនៅមណ្ឌលសុខភាពត្រពាំងជោ
៣៖ ទឹកអាល់កុល ៤ធុងធំ ចំណុះ ១២០លីត្រ
៤៖ ទឹកអាល់កុល និងដបបាញ់ធំ ចំនួន ១០ដប
៥៖ ទឹកអាល់កុល និងដបបាញ់តូច ចំនួន ៤០ដប
៦៖ មី១០កេស
៧៖ នំប៉័ង ២០០ដើម
៨៖ ទឹកសុទ្ធ ៥០០ដប
៩៖ សាប៊ូ ១០០ដុំ
១០ ម៉ាស់ ចំនួន ៤០០
១១៖ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និងវិធីទប់ស្កាត់កូវីដ១៩ ចំនួន ១០០សន្លឹក។
សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃអាទិត្យ ទី០៣ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ៣,៤៨៣,២២៣ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុប មានចំនួន ២៤៤,៧៦០នាក់ និងជាសះស្បើយឡើងវិញ ១,១០៨,៨២២នាក់ ក្នុងនោះសហរដ្ឋអាមេរិក មានករណីឆ្លងជំងឺ COVID-19 លើស១.១លាននាក់ សម្រាប់ប្រទេសមហាអំណាចមួយនេះ៕