(ស្វាយរៀង)៖ នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានសម្រេចបញ្ឈរជើងផ្អាកការងារបណ្ដោះអាសន្ន ចំពោះលោកវរសេនីយ៍ទោ សួគ៌ ធី អធិការរងនគរបាលស្រុកចន្ទ្រា ទទួលបន្ទុកចរាចរណ៍ បន្ទាប់ពីអធិការរងរូបនេះ បានវាយ និងដាក់ខ្នោះលើប្រជាពលរដ្ឋ ក្នុងពេលចុះរឹតបន្តឹងច្បាប់ចរាចរណ៍ ដែលជាការអនុវត្តហួសគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ បង្កឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។
នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់មន្ត្រីនគរបាលជាតិ ឱ្យត្រូវពង្រឹងវិន័យមន្ត្រីក្នុងការអនុវត្តច្បាប់ ឱ្យបានត្រឹមត្រូវទន់ភ្លន់ម៉ឺងម៉ាត់។ ជាមួយគ្នានេះដែរ នាយឧត្ដមសេនីយ៍ក៏បានសំណូមពរ សូមប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីសុវត្ថិភាពក្រុមគ្រួសារ សង្គមជាតិ។
សូមរំលឹកថា កាលពីវេលាម៉ោង១១៖៤៥នាទី ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ខេត្តស្វាយរៀង មានប្រជាពលរដ្ឋលើកគ្នាបិទផ្លូវតវ៉ា ដោយចោទសមត្ថកិច្ចថា អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជ្រុល ក្រោយចាប់បុរសអ្នកបើករ៉ឺម៉កវាយ និងដាក់ខ្នោះ ព្រោះគ្មានបណ្ណបើកបរ។
បុរសម្ចាស់ម៉ូតូសណ្តោងរ៉ឺម៉កម្នាក់ ក្នុងចំណោមរ៉ឺម៉ក ៣គ្រឿង បានឲ្យដឹងថា ពួកគាត់ទាំងបីរ៉ឺម៉កមានទីលំនៅឯខេត្តតាកែវ នាំគ្នាមករកស៊ីដឹកពូកលក់តាមមូលដ្ឋាននៅខេត្តស្វាយរៀងជាច្រើនខែមកហើយ ស្រាប់តែនៅថ្ងៃទី១ ឧសភា ២០២០ ក៏មានច្បាប់រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវឲ្យអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កមានបណ្ណបើកបរ គាត់ទៅធ្វើបណ្ណបើកបរមិនទាន់ក៏សម្រេចសុំលក់ពូកអស់ត្រឡប់ទៅផ្ទះវិញ ទើបធ្វើបណ្ណបើកបរ ហើយនៅថ្ងៃទី២ ឧសភា ២០២០ សមត្ថកិច្ចចាប់ផាកពិន័យ ១៨ម៉ឺនរៀល គាត់គ្មានប្រាក់បង់។
លុះដល់ម៉ោង ១១៖៣៥នាទីព្រឹក សមត្ថកិច្ចឈរជើងនៅគោលដៅនោះ នាំគ្នាចេញទៅហូបបាយអស់ ពួកគាត់ក៏បើកម៉ូតូចេញដែរ ក៏ត្រូវសមត្ថកិច្ចដេញតាម និងចាប់វាយរួចដាក់ខ្នោះបញ្ជូន ទៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ពេលនោះមហាជន ក្នុងភូមិឃើញក៏នាំគ្នាមកបិទផ្លូវតវ៉ា មិនឲ្យសមត្ថកិច្ចចាប់ពួកគាត់យកទៅ។
ទាក់ទិនករណីនេះដែរ លោកវរសេនីយ៍ទោ សួគ៌ ធី បានឱ្យដឹងថា នេះគឺជាការរឹតបន្តឹង នូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ មូលហេតុអ្នកបើកបរម៉ូតូរ៉ឺម៉កគ្មានបណ្ណបើកបរ និងដឹកសំពីងសំពោងខុសបច្ចេកទេស សមត្ថកិច្ចបានឃាត់រ៉ឺម៉កមកសាកសួរ និងផាកពិន័យតាមច្បាប់ ក៏ប៉ុន្តែម្ចាស់ម៉ូតូរ៉ឺម៉ករូបនោះ មិនព្រមបង់ប្រាក់ផាកពិន័យ ហើយបានបើកម៉ូតូរ៉ឺម៉កចេញ សមត្ថកិច្ចបានហៅឲ្យឈប់ ក៏ប៉ុន្តែអ្នកបើកបររ៉ឺម៉កមិនព្រមឈប់ ទើបសមត្ថកិច្ចបើករថយន្តដេញ តាមទាន់នៅកន្លែងកើតហេតុខាងលើ រួចឲ្យយកម៉ូតូរ៉ឺម៉កត្រលប់មកកន្លែង សមត្ថកិច្ចឈជើងវិញ តែអ្នកបើករ៉ឺម៉កមិនព្រម ទើបមានការចាប់វាយខ្នោះ និងមានការប្រតាយប្រតប់គ្នាកើតជារឿងរហូត មានប្រជាពលរដ្ឋនាំគ្នាមកតវ៉ាបិទផ្លូវតែម្តង។
ក្រោយពីមានការសម្របសម្រួល ពីលោកឧត្តមសេនីយ៍ត្រី ភោគ សាខុន ស្នងការរងទទួលបន្ទុកផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង និងលោកអភិបាលស្រុកចន្ទ្រា ម្ចាស់ម៉ូតូរ៉ឺម៉កទាំងបីគ្រឿងក៏ឈានដល់ការព្រមព្រៀង ដោយម្ចាស់ម៉ូតូរ៉ឺម៉កឲ្យសមត្ថកិច្ចទាំង ៤ រូបមកសុំទោសរូបគាត់ជាសាធារណៈនៅមុខមហាជន ហើយលោកវរសេនីយ៍ទោ សួគ៌ ធី ក៏បានចេញមកសុំទោសជាសាធារណៈ តាមការទាមទារបស់មហាជន ដូច្នេះប្រជាពលរដ្ឋក៏បានបំបែកគ្នាទៅផ្ទះរៀងៗខ្លួន៕