(ភ្នំពេញ)៖ កំលុងពេលកម្លាំងសមត្ថកិច្ចបើកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស នាពេលប៉ុន្មានថ្ងៃមកនេះ បានលេចចេញនូវការរិះគន់ជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋ ក្នុងនោះមានមួយក្រុមតូចបែរជារិះគន់ថា មុនអនុវត្តការរឹតបន្តឹងនេះ សមត្ថកិច្ចមិនបានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋដឹងជាមុន។
ពាក់ព័ន្ធឹនឹងការរិះគន់ខាងលើ ស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺវិញថា មុនបើកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សមត្ថកិច្ចបានផ្សព្វផ្សាយ អប់រំតាំងពីអំលុងខែកក្កដា ឆ្នាំ២០១៩ មកម្ល៉េះ មិនមែនដូចការរិះគន់នោះទេ។
ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃ នៃការចាប់ផ្តើមអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ មានគណនីហ្វេសបុកមួយចំនួនតូច បានរិះគន់វាយប្រហារមកលើសមត្ថកិច្ចថា មិនបានធ្វើការផ្សព្វផ្សាយណែនាំ អប់រំដល់ប្រជាពលរដ្ឋអំពីច្បាប់នេះ ជាពិសេសមានហ្វេសបុកមួយ បានចុះផ្សាយថា ស្រុកខ្មែរចាប់ពិន័យប្រជាពលរដ្ឋ ឯស្រុកថៃផ្តល់មួកដោយមិនធ្វើការពិន័យ តាមពិតការណែនាំអប់រំ ទាក់ទងករណីច្បាប់ចរាចរណ៍នេះ ត្រូវបានធ្វើឡើងជាយូរមកហើយ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺជូនតបទៅវិញថា «កិច្ចការទាំងអស់នេះ ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធបានចុះ ធ្វើការអនុវត្តតាមគោលដៅណែនាំអប់រំ ដោយមិនមានការផាកពិន័យរយៈពេលមួយខែ តាំងពីកក្កដា ឆ្នាំ២០១៩ មកម៉្លេះ»។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តថា ក្នុងឆ្នាំ២០១៩ នៃយុទ្ធនាការចុះណែនាំអប់រំ ប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានចុះដោយផ្ទាល់ទាំងយប់ទាំងថ្ងៃ ដើម្បីត្រួតពិនិត្យការងារនេះ ក្នុងឱកាសនោះដែរលោកស្នងការ ក៏ដូចជាក្រុមការងារ ក៏បានចែកជូនមួកសុវត្ថិភាពជាច្រើន ដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលបើកបរដោយមិនពាក់មួកសុវត្ថិភាព។
សូមបញ្ជាក់ថា ក្នុងយុទ្ធនាការខែកក្កដា ឆ្នាំ២០១៩ មួកសុវត្ថិភាពជាច្រើនពាន់មួក ត្រូវបានចែកដោយមិនថ្លៃ។ នេះគឺផ្ទុយពីការរិះគន់ខាងលើ ដែលចង់បានន័យថា ការចែកមួកសុវត្ថិភាពមានតែនៅប្រទេសថៃ ហើយប្រទេសកម្ពុជាគិតតែពីចាប់ផាកពិន័យ៕