(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីឪពុកម្ដាយស្ត្រីរងគ្រោះម្នាក់ ដែលប្ដឹងចោទពី បទរំលោភសេពសន្ធវៈទៅលើកូនស្រីគាត់ បានសម្រេចរហូតដល់ចំនួន ៧ដង។
ករណីនេះបានកើតឡើងកាលពីម៉ោង ១៥ និង៣០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ នៅក្នុងផ្ទះជនសង្ស័យតែម្ដង ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះមានឈ្មោះ ច.រ.ស អាយុ ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ និងមកធ្វើការជាអ្នកបំរើនៅផ្ទះជនសង្ស័យ។
ចំណែកបុរសជាប់ចោទពីបទរំលោភមាន ឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ២៩ឆ្មាំ មានមុខរបរគ្រូពេទ្យ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមសំដីនារីរងគ្រោះបានឲ្យដឹងថា រូបនាងបានមកស៊ីឈ្នួលជាអ្នកបម្រើនៅផ្ទះបុរសខាងលើ ដោយសារតែជនសង្ស័យជាអ្នក ស្រុកជាមួយគ្នា និង ឪពុក ម្តាយស្គាល់គ្នា ហើយដោយយល់ថា ប្រពន្ធរបសគាត់ (ជនសង្ស័យ) ទើបតែឆ្លងទន្លេ គ្មានអ្នកមើលថែ ហើយបានជួលនាងឲ្យមកនៅជាមួយ ដោយឲ្យប្រាក់ខែក្នុង១ខែ ២០០ដុល្លារ។
ករណីចាប់រំលោភនេះ បានកើតឡើងកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ វេលាម៉ោង ១២យប់ ដោយបុរសជាជា្ចស់ផ្ទះ បានបបួលនាងទៅដើរលេងទៅផ្សារទំនើបសុវណ្ណារួចហើយចូលក្លឹបរាំលេងហើយបុរសនោះ ក៏បាននាំនាងចូលដេកក្នុងផ្ទះសំ ណាក់ និងចាប់នាងរំលោភបានសម្រេចមួយដង។ ក្រោយៗមកទៀត ជនសង្ស័យបានធ្វើសកម្មភាពចាប់នាងរំលោភនៅក្នុងផ្ទះ បានសម្រេចចំនួន៦ដងទៀត តែនាងមិនហ៊ាននិយាយប្រាប់អ្នកណាទេ ព្រោះនាងគិតថា ចាំដល់ថ្ងៃបើកប្រាក់ខែសិន។
ប្រភពបានឲ្យដឹងបន្តថា នៅពេលដែលម្តាយនាងឡើងមកបើកប្រាក់ខែ ទើបនាងប្រាប់ថាជនសង្ស័យបានចាប់នាងរំលោភចំនួន៧ ដងធ្វើឲ្យមានការភ្ញាក់ផ្អើលឡើង ពេលនោះភាគីទាំងពីរ ក៏ធ្វើការសម្របសម្រួលគ្នាដោយខាងនារីរងគ្រោះទាមទារសំណង៨.០ ០០ដុល្លារ ហើយភាគីខាងជនសង្ស័យ ក៏យល់ព្រម។ លុះដល់ថ្ងៃកំណត់សងប្រាក់ ស្រាប់តែជនសង្ស័យក្រឡាស់សំដី មិនព្រម សង ក៏ប្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលទឹកថ្លាតែម្តងទៅ។
ពាក់ព័ន្ធនឹងករណីនេះ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានប្រាប់អ្នកកាសែតអោយដឹងថា លោក បានបញ្ជួនសំណុំរឿងនេះទៅតុលាការហើយ៕