(កំពង់ចាម)៖ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ចាម លោក លី ចាន់ធី បានឱ្យដឹងថា គ្រប់ភូមិក្នុងក្រុង-ស្រុកទាំង ១០ នៃខេត្តកំពង់ចាម និឹងមានបណ្តាញអគ្គិសនីទាំងអស់ក្នុងឆ្នាំ២០២០នេះ ខណៈពេលបច្ចុប្បន្នការងារនេះសម្រេចបានជិត ១០០ ភាគរយហើយ។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោកប្រធានមន្ទីរ ត្រូវបានធ្វើឡើងក្នុងពេលអមដំណើរលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះពិនិត្យអនុស្ថានីយចែកចាយអគ្គីសនីខេត្តកំពង់ចាម ស្ថិតនៅឃុំក្រឡា ស្រុកកំពង់សៀម នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។
លោក លី ចាន់ធី បានឱ្យដឹងទៀតថា ក្នុងខេត្តកំពង់ចាមមានក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយអគ្គិសនីទាំងរដ្ឋ និងឯកជនចំនួន ៣៧ ក្រុមហ៊ុន ដែលមានដែនអាជ្ញាបណ្ណអគ្គិសនី។ បច្ចុប្បន្នក្រុមហ៊ុនបានភ្ជាប់ចរន្តអគ្គិសនីចំនួន ១៧៨,៧០៥ ខ្នងផ្ទះហើយ ដែលគ្របដណ្ដប់លើភូមិចំនួន ៨៩៥ ភូមិ ក្នុងចំណោម ៩១៦ ភូមិ ស្មើនឹង ៩៧.៧១ ភាគរយ។
លោកបានបន្តថា ភូមិដែលមិនទាន់មានបណ្តាញអគ្គិសនីប្រើប្រាស់មានចំនួន ២១ ភូមិ និងត្រូវតភ្ជាប់បណ្តាញអគ្គីសនីឱ្យបានគ្រប់គ្នាក្នុងឆ្នាំ២០២០។
លោកបញ្ជាក់ថា អនុស្ថានីកំពង់ចាមមានអានុភាព ១០០ មេហ្គាវ៉ាត់ និងមានវិសាលភាពផ្គត់ផ្គង់អគ្គីសនីជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម និងផ្នែកខ្លះរបស់ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ និងខេត្តព្រៃវែងផងដែរ៕