(ភ្នំពេញ)៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធិវុធ បានថ្លែងឲ្យដឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះថាសហព័ន្ធនាំចេញ អង្ករកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា លើវិស័យស្រូវអង្ករ បានកំណត់ផែនការនិងពេលវេលាថ្មី ដោយយ៉ាងយូរ ៥ឆ្នាំទៀត ប្រទេសកម្ពុជា និងសម្រេចបានការនាំចេញអង្ករបាន១លានតោន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានលើកទី២ស្តីពីការរៀបចំវេទិកា ស្រូវអង្ករកម្ពុជា លើកទី៥នូវសណ្ឋាគារ សុខាភ្នំពេញ លោក សុខ ពុទ្ធិវុធ បានបញ្ជាក់ថា «ផែនការដែលយើងបានលើក គឺផែនការរយៈពេល៥ឆ្នាំ ដែល៥ឆ្នាំនេះយើងធ្វើយ៉ាងម៉េច សម្រេចការនាំចេញ អង្ករឲ្យបាន១លានតោន។ យើងសង្ឃឹមថា បើចាប់ផ្តើមពីកន្លះលានតោន (ឆ្នាំ២០១៥) និងងាយស្រួលសម្រេចបាន ១លានតោន នៅ៥ឆ្នាំទៅមុខ។ ខ្ញុំសង្ឃឹមថាយើងនឹងសម្រេចបានការនាំចេញ១លានតោន មុន៥ឆ្នាំ»។
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ បានដាក់ចេញនូវគោលនយោបាយ ជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ឲ្យបាន១លានតោននៅឆ្នាំ២០១៥ ប៉ុន្តែ ផែនការនេះត្រូវបានបរាជ័យ ពោលក្នុងឆ្នាំ២០១៥ កម្ពុជាអាចនាំចេញអង្ករទៅកាន់ទីផ្សារ អន្តរជាតិបាន ប្រមាណ៥៣ម៉ឺនតោន។
ជាមួយគ្នានេះលោក សុខ ពុទ្ធិវុធ បានបញ្ជាក់ថា ផែនការដែលនឹងត្រូវអនុវត្តន៍ សម្រាប់ជំរុញការនាំចេញអង្ករឲ្យបាន១លានតោនគឺ សហព័ន្ធស្រូវអង្ករ ត្រូវធ្វើការងារធំៗ៣ សំខាន់ៗ ដែលទី១ ពាក់ព័ន្ធនិងបញ្ហាពូជស្រូវ, ទី២ ពាក់ព័ន្ធ ហិរញ្ញវត្ថុសម្រាប់ធ្វើឃ្លាំងស្តុបស្រូវ និងទី៣ បញ្ហាទីផ្សារ។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៥កន្លងទៅនេះប្រទេសកម្ពុជា បាននាំចេញអង្ករប្រមាណជាង៥៣ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើង ៣៩ភាគរយ បើធៀបនឹងឆ្នាំ២០១៤ ដែលនាំចេញបានត្រឹមតែជាង៣៨ម៉ឺនតោនតែប៉ុណ្ណោះ។
ដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទៅទីផ្សារអន្តរជាតិ ក៏ដូចជាដើម្បីផ្សព្វផ្សាយ នៅកេរ្តិ៍ឈ្មោះស្រូវអង្ករកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំវេទិកាស្រូវអង្ករជាច្រើនលើកច្រើនសារមកហើយ។ ដោយឡែកនៅឆ្នាំ២០១៦នេះ សហព័ន្ធនឹងរៀបចំវេទិកាស្រូវអង្ករ លើកទី៥ ចាប់ថ្ងៃទី២៤-២៥ដល់២៦ ខែមករា ឆ្នាំ២០១៦ ដែលត្រូវប្រារព្ធឡើងនៅសណ្ឋាគារ សុខាភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងធ្វើជាអធិបតីភាព បើកវេទិកាស្រូវអង្ករកម្ពុជា លើកទី៥នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។ វេទិកាស្រូវអង្ករ កម្ពុជា និងមានរៀបចំនូវព្រឹត្តិការណ៍សំខាន់ៗ ពាក់ព័ន្ធនិងជំរុញវិស័យស្រូវអង្ករ រួមទាំងមានការប្រកួតប្រជែងជ័យលាភី ស្រូវនិងអង្ករល្អ ប្រចាំប្រទេសផងដែរ៕