(ភ្នំពេញ)៖ ដល់ពេលនេះហើយ គេមិនទាន់ឃើញមានក្រុមប្រឆាំងមួយក្ដាប់តូច ដែលធ្លាក់ស្រែកពីក្រៅប្រទេសនោះ ចេញមកជួយយកអាសាប្រជាពលរដ្ឋ ក្នុងប្រទេស ដែលកំពុងជួបវិបត្តិជំងឺកូវីដ១៩ឡើយ ខណៈមហាជនទូទៅនៅមិនភ្លេចទេថា ក្រុមបក្ខពួកឥតប្រយោជន៍ទាំងនោះ តែងតែតាំងខ្លួនជាអ្នកស្នេហាជាតិ ជួយសង្គ្រោះជាតិ ទាំងដែលប្រទេសមានសុខសន្តិភាព និងកំពុងមានការអភិវឌ្ឍហើយនោះ។
ប្រការនេះបានជំរុញឱ្យ សម្ដេចពិជ័យសេនា ទៀ បាញ់ ទប់ចិត្តមិនបាន ក៏លើកជាសំណេររិះគន់នៅលើបណ្ដាញសង្គម Fecebook ព្រលះចំៗថា «ក្នុងគ្រាសន្តិភាព មានជនមួយក្តាប់តូចបានតាំងខ្លួនជាអ្នកស្នេហាជាតិ ចង់មកសង្គ្រោះប្រទេស តែពេលជាតិមានអាសន្ន ដោយការគំរាមកំហែងពីមេរោគ COVID-19 ដូចជាមិនឃើញវត្តមានរបស់ក្រុមមួយក្តាប់តូចនោះឡើយ»។
យុទ្ធជនដែលធ្លាប់ចូលរួមរំដោះប្រទេស និងប្រជាពលរដ្ឋកម្ពុជាពីរបបខ្មៅងងឹតរូបនេះ ក៏បានរិះគន់ទៅដល់ក្រុមមួយក្ដាប់តូចនោះទៀតថា ពួកគេតែងតែរត់ចោលជាតិ និងប្រជាជនក្នុងគ្រាលំបាកវេទនា ទៅសម្ងំយកសុខតែរៀងខ្លួន ដូចពាក្យចាស់ពោលថា «ឆ្កែកន្ទុយខ្វៀន នៅតែខ្វៀន»។
ជាការពិតណាស់ ក្នុងពេលប្រទេសកម្ពុជាជួបនូវវិបត្តិជំងឺកូវីដ១៩នេះ មានតែសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ចគ្រប់ផ្នែក ព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងប្រទេស និងមួយចំនួននៅក្រៅប្រទេសតែប៉ុណ្ណោះ ដែលបានរួបរួមសាមគ្គីគ្នាក្នុងការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺនេះ គ្មានមុខក្រុមប្រឆាំងមួយក្ដាប់តូចនោះមកជួយបន្តិចណាឡើយ៕