(ភ្នំពេញ)៖ ភ្លាមៗ បន្ទាប់ពីមានការចែកចាយលិខិតក្លែងក្លាយ របស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលលើកឡើងថា «ក្រសួងអប់រំឲ្យគ្រប់សាលារៀនទាំងអស់នៅកម្ពុជា ចូលជាធម្មតាវិញ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០» នោះ, អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ ព័ត៌មានដែលថាឲ្យចូលរៀនវិញនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ស្អែកនេះ គឺជាព័ត៌មានមិនពិតទេ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា «លិខិតដែលចែកចាយតៗគ្នា ឲ្យគ្រប់សាលាចូលរៀនវិញ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ គឺព័ត៌មានក្លែងក្លាយ។ គិតត្រឹមថ្ងៃ០៣ ខែឧសភា ឆ្នាំ២០២០ លិខិតលេខ២២ ស្តីពី ការពន្យារពេលនៃការចូលរៀនវិញ នៅមានសុពលភាពក្នុងការអនុវត្ត»។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានប្រកាសពន្យារពេល នៃការចូលរៀនឡើងវិញ សម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទទាំងសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ នៅទូទាំងប្រទេស។
បើតាមសេចក្តីណែនាំដដែល បានឲ្យដឹងថា ផ្អែកតាមរបាយការណ៍ស្ថានភាពរាតត្បាត នៃជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ដែលតម្រូវឲ្យបន្តអនុវត្តន៍វិធានការបង្ការ និងទប់ស្កាត់ ការរីករាលដាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ សូមណែនាំដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេស ដូចតទៅ៖
១៖ គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ (បឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ) និងមត្តេយ្យសិក្សា
* ពន្យារពេលនៃការចូលរៀនឡើងវិញ រហូតដល់មានការជូនដំណឹងជាថ្មី
* ផ្សព្វផ្សាយនឹងសហការល្អជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី ដើម្បីជំរុញគាំទ្រដល់ «ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច» ដល់សិស្សានុសិស្សនៅតាមលំនៅស្ថាន និងសហគមន៍ តាមមធ្យោបាយ និងលទ្ធភាពជាក់ស្តែង
* អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សាជាប្រចាំ
* ត្រូវរៀបចំវេនយាមប្រចាំការ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខ
* លើកទឹកចិត្តឲ្យសិស្សខ្ចីសៀវភៅសិក្សាគោល ដើម្បីលើកកម្ពស់ស្វ័យសិក្សា និងសិក្សាពីចម្ងាយ។
២៖ គ្រឹះស្ថានសិក្សាចំណេះទូទៅឯកជន (បឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ) និងមត្តេយ្យសិក្សា
* ពន្យារពេលនៃការចូលរៀនឡើងវិញ រហូតដល់មានការជូនដំណឹងជាថ្មី
* បន្តអនុវត្តន៍វិធានការ «ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច» ជាពិសេសសេចក្តីណែនាំចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្តីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិច ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត
* អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សាជាប្រចាំ។
៣៖ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ
* ពន្យារពេលនៃការចូលរៀនឡើងវិញ រហូតដល់មានការជូនដំណឹងជាថ្មី
* ត្រៀមលក្ខណៈអនុវត្តន៍ «ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច»
* អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សាជាប្រចាំ។
៤៖ គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជន
* ពន្យារពេលនៃការចូលរៀនឡើងវិញ រហូតដល់មានការជូនដំណឹងជាថ្មី
* បន្តអនុវត្តន៍វិធានការ «ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច» ជាពិសេសសេចក្តីណែនាំចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ស្តីពីការលើកកម្ពស់ការបង្រៀន និងរៀនពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិច ដោយគ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត
* រៀបចំ កែលម្អ និងអភិវឌ្ឍន៍វេទិកាឌីជីថល សម្រាប់គ្រឹះស្ថានឧត្តមសិក្សា ដើម្បីផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិចត្រូនិច
* អនុវត្តន៍ការសម្អាតបរិវេណគ្រឹះស្ថានសិក្សាជាប្រចាំ។
៥៖ មន្ទីរអប់រំយុវជន និងកីឡា រាជធានី-ខេត្ត
* ផ្សព្វផ្សាយ និងជំរុញ «ការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច» ដល់គ្រប់ភាគីពាក់ព័ន្ធ
* បន្តតាមដាន និងរាយការណ៍ហេតុការណ៍ ដែលអាចកើតមានឡើងចំពោះបុគ្គលិកអប់រំ និងសិស្សានុសិស្ស និងផ្តល់ព័ត៌មានដល់ក្រសួងអប់រំ យុវជន និងកីឡា រៀងរាល់ថ្ងៃ តាមប្រព័ន្ធទំនាក់ទំនង ដែលមានស្រាប់ ក្នុងករណីដែលមានការសង្ស័យណាមួយ
* ដោះស្រាយនូវសំណូមពររបស់ថ្នាក់មូលដ្ឋាន តាមសមត្ថភាព និងលទ្ធភាព។
៦៖ មាតាបិតា អ្នកអាណាព្យាបាល
* ក្រសួងសូមលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាលសិស្សគ្រប់រូប ត្រូវបន្តជំរុញឲ្យកូនចៅ ធ្វើស្វ័យសិក្សានៅតាមផ្ទះ សិក្សាពីចម្ងាយ ឬតាមប្រព័ន្ធអេឡិចត្រូនិក និងត្រូវមើលថែកូនចៅ អនុវត្តន៍វិធានការអនាម័យ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមនឹងការឆ្លងខ្ពស់៕