(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចុះមកពិនិត្យសកម្មភាព ចិញ្ចឹមត្រីឆ្តោ ត្រីប្រា និងត្រីពោ ក្នុងកសិដ្ឋានចិញ្ចឹមត្រីលោក លី ហាំងសេង ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប និងលោក តូ លៀងធឹង នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងនោះ មានការអមដំណើរ ដោយលោក អ៊ុន សំអាត រដ្ឋលេខាធិការ, លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល, លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ, លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត, លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការីផងដែរ។
លោក ហាំង សេង បានជម្រាបជូនលោករដ្ឋមន្រ្តី ជ្រាបយ៉ាងក្បោះក្បាយថា លោកបានចាប់យករបរចិញ្ចឹមត្រី តាំងពីឆ្នាំ២០១៧ មកទល់បច្ចុប្បន្នកសិដ្ឋានពង្រីកផ្ទៃដីបាន ៥០ហិកតា មានស្រះចិញ្ចឹម១៩ ស្រះនីមួយៗ មានទំហំ៧,០០០ម៉ែត្រការេ ប្រើពលកម្មសរុប៣០នាក់។ អនុវត្តតាមគោលការណ៍ បច្ចេកទេសចិញ្ចឹមត្រី ដូចជាការផ្តល់ចំណី ការសំអាតស្រះត្រី ការដាក់កូនត្រី ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក -ល-។ ដែលទទួលបានពីមន្រ្តីជំនាញរបស់មន្ទីរ និងរដ្ឋបាលជលផល។
បច្ចុប្បន្ន ជាមធ្យមអាចប្រមូលផលបានពី១,៥០០-២,០០០តោន ក្នុងមួយឆ្នាំ ទទួលបានចំណូលសរុប១.៥ ទៅ២លានដុល្លារ ក្នុងមួយឆ្នាំ (មិនទាន់ទូទាត់ចំណាយ)។
ចេញពីកសិដ្ឋានលោក លី ហាំងសេង លោកបន្តដំណើរមកស្រះចិញ្ចឹមត្រីរបស់ពូ តូ លៀងធឹង នៅភូមិអារញ្ញ សង្កាត់សៀមរាប។ លោក តូ លៀងធឹង គាត់ចិញ្ចឹមត្រីឆ្តោ ជាលក្ខណៈគ្រសារតាំងពីឆ្នាំ២០១ ក្នុងស្រះទំហំ៨,៦០០ម៉ែត្រការេ ប្រើប្រាស់ពលកម្មក្នុងគ្រួសារ និងជួលពីខាងក្រៅ។
ជាមធ្យមត្រីឆ្តោចិញ្ចឹមរយៈពេល៨ខែ មានទម្ងង់២.៥គីឡូក្រាម អាចប្រមូលផលបានជាង៦០តោន ក្នុងមួយឆ្នាំ ហើយក្នុង១ឆ្នាំ គាត់អាចរកចំណូលបាន១៨ម៉ឺនដុល្លារ (មិនទាន់ទូទាត់ថ្លៃដើម)។ ក្នុងឆ្នាំ២០១៩ ត្រីទាំងពីរប្រភេទ មានទីផ្សារ និងតម្លៃល្អប្រសើរ ដែលធ្វើឲ្យពួកគាត់ មានកំលាំងចិត្តចង់ពង្រីកផលិតកម្ម ដើម្បីធានាបរិមាណ ផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញ ប៉ុន្តែបញ្ហានៅត្រង់ថា ទុនវិនិយោគដែលខ្ចីពីធនាគារ ឬមីក្រូ ហិរញ្ញវត្ថុឯកជនមានការប្រាក់ខ្ពស់ពេក។ នេះបើតាមម្ចាស់កសិដ្ឋាន បានលើកឡើង។
សំខាន់ជាងនេះ ខេត្តសៀមរាប ជាតំបន់ទេសចរណ៍ សេចក្តីត្រូវការស្បៀង (អង្ករ ត្រី សាច់ បន្លែ ផ្លែឈើ) គឺមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែដោយសារស្ថានការណ៍ ជំងឺឆ្លងសកលកូវីដ-១៩ ធ្វើឲ្យតម្រូវការទីផ្សារ និងតម្លៃត្រីមានការធ្លាក់ចុះពី ១២,០០០រៀល ក្នុងមួយគីឡូក្រាម មកនៅត្រឹម ១០,០០០រៀល ក្នុងមួយគីឡូក្រាម។
ពួកគាត់ទាំងពីរនាក់ សង្ឃឹម និងជឿជាក់អនាគតដ៏ខ្លី បន្ទាប់ពីស្ថានភាពជំងឺឆ្លងត្រឡប់ទៅរកស្ថានភាពប្រក្រតី ទាំងទីផ្សារនិងតម្លៃ នឹងបានល្អប្រសើរជាបន្តបន្ទាប់ឡើង វិញ។ ពិនិត្យឃើញទិដ្ឋភាព និងសកម្មភាពប្រមូលផលត្រីទាំង២កន្លែងរួចមក លោករដ្ឋមន្រ្តី និងលោកអភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងប្រកាន់យករបរចិញ្ចឹមត្រី ដើម្បីចូលរួមចំណែកបំពេញសេចក្តីត្រូវការទីផ្សារក្នុងខេត្ត និងកាត់បន្ថយការនាំចូល។
បើទោះជាតម្រូវការទីផ្សារ និងតម្លៃមានការធ្លាក់ចុះបន្តិចក្តី លោករដ្ឋមន្ត្រី បានលើកទឹកចិត្តឲ្យពួកគាត់បន្តរក្សាមុខរបរនេះ រង់ចាំស្ថានភាពល្អប្រសើរឡើងវិញ ពីព្រោះនេះ គឺជាអាជីពយ៉ាងរឹងមាំ និងជាប្រភពចំណូលក្នុងគ្រួសារ យើងមានបទពិសោធន៍ និងចុះទុនវិនិយោគជាច្រើន ដូច្នេះត្រូវអត់ធ្មត់ តស៊ូរង់ចាំឱកាសល្អវិញ។
ឆ្លៀតយកឱកាសនេះ លោកបានណែនាំ ឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជួយទំនាក់ទំនងរកឈ្មួញ នៅទីក្រុងភ្នំពេញ និងទីផ្សារក្រៅពីខេត្តសៀមរាប ដើម្បីជួយរំដោះផលត្រី ដែលមានក្នុងស្តុក។ នៅក្នុងស្ថានភាពល្អប្រសើរ គួរជួយរៀបចំផែនការផលិតកម្ម និងអនុវត្តបច្ចេកទេស បានត្រឹមត្រូវដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ និងឈានទៅធ្វើការកែច្នៃសាច់ត្រីហ្វីឡេ ដើម្បីនាំចេញ។
សូមជម្រាបជូនថា នៅទូទាំងខេត្តសៀមរាប ក្នុងឆ្នាំ២០១៩ មានលទ្ធភាពផ្គត់ផ្គង់ត្រីឲ្យទីផ្សារក្នុងស្រុកទាំងផលត្រីចាប់ពីប្រភពទឹកធម្មជាតិ និងពីវារីវប្បកម្ម (ចិញ្ចឹមក្នុងស្រះ ១,១៥០ បែ៨១០ និងចិញ្ចឹមក្នុងតង់ប្លាស្ទីក៦៣) មានបរិមាណសរុប ១៧,១៤៤តោន។ ទីផ្សារក្នុងខេត្ត ត្រូវការផលត្រីស្រស់ ១៣,១៨៥តោន សល់ពីនេះ សម្រាប់ធ្វើការកែច្នៃជាប្រហុក ផ្អក មាំ ត្រីងៀត ចំណីសត្វ ទឹកត្រី និងនាំចេញទៅទីផ្សារក្រៅខេត្ត។
ដោយឡែក៤ខែ ដើមឆ្នាំ២០២០នេះ ផលចាប់សរុបបានចំនួន ៤,៦៩៤តោន ក្នុងនោះ ចាប់ពីបែបាន ២,៧១០តោន (ត្រីរ៉ស់ ត្រីឆ្តោ ត្រីប្រា ត្រីអណ្តែង) ចាប់ពីស្រះបាន ១,៩៨៤តោន (ត្រីប្រា ត្រីអណ្តែង ត្រីក្រាញ់ កង្កែប ត្រីឆ្ពិន ទីឡាព្យា)៕