(ព្រៃវែង)៖ មន្ត្រីក្រសួងមុខងារសាធារណៈ និងក្រុមការងារស្រុកបាភ្នំ ដឹកនាំដោយលោក ព្រុំ សុខា អមដំណើរដោយប្រធានក្រុមប្រឹក្សា អភិបាលស្រុក និងអាជ្ញាធរនៅមូលដ្ឋាន នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះ បានចុះទៅជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋចំនួន ៩០គ្រួសារ មកពីគ្រប់ភូមិទាំង១២ ក្នុងឃុំរក្សជ័យដែលបានជួបជុំប្រមួលផ្តុំគ្នា នៅតាមទីតាំង៣កន្លែងខុសគ្នា។
ក្នុងពេលជួបសំណេះសំណាលនោះ លោកប្រធានក្រុមការងារ បានគូសបញ្ជាក់សារជាថ្មីម្តងទៀត ពីសារៈសំខាន់ចាំបាច់ នៃការត្រងត្រាប់នូវស្មារតីដឹកនាំរបស់រាជរដ្ឋាភិបាល និងការអនុវត្តដោយ ខ្ជាប់ខ្ជួននូវការណែនាំវេជ្ជសាស្ត្ររបស់ក្រសួងសុខាភិបាល ក្នុងការបន្តចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជា ការរួបរួមកម្លាំងសាមគ្គីជួយយកអាសារគ្នារវាងប្រជាជនម្នាក់ៗ គ្រួសារនីមួយៗ និងសហគមន៍ភូមិនីមួយៗ ជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមដោះស្រាយឱ្យបានជាក់ស្តែងនិងមានប្រសិទ្ធភាពនូវផលប៉ះពាល់ទាំងឡាយទាំងខាងសេដ្ឋកិច្ច សង្គមកិច្ច អប់រំ។ល។ ដែលបណ្តាលមកពីវិបត្តិនៃជំងឺកូវីដ១៩។
ជាក់ស្តែងក្រុមការងារទាំងអស់ រួមជាមួយអាជ្ញាធរនិងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវជួយប្រជាពលរដ្ឋជម្នះពុះពារបញ្ហាប្រឈមជាចម្បងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដើម្បីឆ្លងកាត់ឱ្យផុតការលំបាក បណ្តោះអាសន្ន នេះជាអាទិ៍៖ បញ្ហារក្សាស្ថេរភាពជីវភាព បញ្ហាការប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុនិងភាពទំនេររបស់កុមារនិងយុវជនក្នុង ពេល សាលារៀនមិនទាន់បើកដំណើរការឡើងវិញ។ល។
ក្នុងឱកាសនោះដែរ តំណាងគ្រួសារនីមួយៗបានទទួលអំណោយជាស្បៀងអាហារ ម៉ាសពាក់មុខ សាប៊ូលាងដៃនិងថវិកាមួយចំនួន។
ក្រុមការងារក៏បានជួប និងជូនអំណោយដល់គ្រួសារក្រីក្រលំបាកជាងគេចំនួន ៧គ្រួសារ និងពលករចំណាកស្រុក៣នាក់ ដែលទើបត្រឡប់មកពីប្រទេសថៃនិងកូរ៉េខាងត្បូង ហើយកំពុងស្នាក់នៅក្នុងស្ថានភាពចត្តាឡីស័ក១៤ថ្ងៃ នៅវិទ្យាល័យ ជា ស៊ីម រក្សជ័យផងដែរ៕