(កំពង់ស្ពឺ)៖ អង្គភាពបញ្ជាការដ្ឋានការពារកោះឆ្នេរ បានទទួលអំណោយបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ចែកជូនដល់បណ្ដាកោះទាំងអស់ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០។
អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន៖
*ទី១៖ កងការពារកោះរ៉ុងលេខ១ ទទួលបានទូកបេអ៊ី (BE) ចំណុះ៦០តោន ចំនួន១គ្រឿង គោយន្ត និងរ៉ឺម៉កគោយន្ត ចំនួន១គ្រឿង
*ទី២៖ កងការពារកោះកុងក្រៅលេខ២ ទទួលបានគោយន្ត និងរ៉ឺម៉កគោយន្ត ចំនួន១គ្រឿង, កោះយំទទួលបានគោយន្ត និងរ៉ឺម៉ក១គ្រឿង, កោះឆ្លាម ទទួលបានម៉ាស៊ីនភ្លើង១៥គីឡូវ៉ាត់ ចំនួន១គ្រឿង ធុងជ័រទឹក ចំណុះ៥,០០០លីត្រ ចំនួន៣ធុង
*ទី៣៖ កងការពារកោះតាងលេខ៣ ទទួលបានទូកបេអ៊ី (BE) ចំណុះ៦០តោន ចំនួន១គ្រឿង គោយន្ត និងរ៉ឺម៉កគោយន្តចំនួន១គ្រឿង ធុងជ័រទឹកចំណុះ៥,០០០លីត្រ ចំនួន៣ធុង និងស៉ីម៉ង់ត៍ចំនួន២០តោន
*ទី៤៖ កងការពារកោះរ៉ុងសន្លឹមលេខ៤ ទទួលបានគោយន្ត និងរ៉ឺម៉កគោយន្ត ចំនួន១គ្រឿង និងម៉ាស៊ីន ភ្លើង១៥គីឡូវ៉ាត់ ចំនួន១គ្រឿង
*ទី៥៖ កងការពារកោះពូលូវ៉ៃលេខ៥ ទទួលបានស៉ីម៉ង់ត៍ ចំនួន២០តោន ដែក១២លី ចំនួន៥តោន និងថវិកាចំនួន១៤,១៨៧ដុល្លារ សម្រាប់ជុសជុលទូកចំណុះ៦០តោនចំនួន១គ្រឿង ។
*ទី៦៖ អាវភ្លៀងចំនួន ១,៣០២អាវ សម្រាប់ចែកជូនកងទ័ពក្នុងរដូវវស្សា។ សរុបសម្ភារ និងថវិកា ដែលទទួលបានរួមមាន ទូកបេអ៊ី ចំណុះ៦០តោន ចំនួន២គ្រឿង, គោយន្ត និងរ៉ឺម៉កគោយន្ត ចំនួន៥គ្រឿង, ម៉ាស៊ីនភ្លើង១៥គីឡូវ៉ាត់ ចំនួន២គ្រឿង, ធុងជ័រចំណុះ៥,០០០លីត្រ ចំនួន៦ធុង, ស៊ីម៉ង់ត៍ចំនួន៤០តោន, ដែក១២លី ចំនួន៥តោន និងថវិកាជួសជុលទូក ចំនួន១៤,១៨៧ដុល្លារ។
ក្នុងឱកាសនេះ មេបញ្ជាការ គ្រប់ជាន់ថ្នាក់ ព្រមទាំង នាយនាវី នាយនាវីរង និងពលនាវីទាំងនៅលើកោះ និងនៅលើគោក ក្នុងបញ្ជាការដ្ឋានការពារកោះ ឆ្នេរសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចទាំងពីរតែងតែគិតគូរ អំពីសុខទុក្ខ ព្រមទាំងឧបត្ថម្ភ សម្ភារ និងថវិកាគ្រប់បែបយ៉ាងជាពិសេស គឺបានដំឡើងប្រាក់ខែ ក្នុង១ឆ្នាំ ចំនួន២ដង ជារៀងរាល់ឆ្នាំ ខែភ្លៀងមានអាវភ្លៀង ខែរងារមានអាវរងារ មកដល់ធ្វើឲ្យជីវភាព យើងខ្ញុំទាំងអស់គ្នាបានប្រសើរឡើងហើយ សុំសម្ដេច កុំព្រួយបារម្ភអី យើងខ្ញុំលែងជួបការលំបាកដូចមុនទៀតហើយ។
យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរ ជូនចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវកម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ សុខភាពល្អ បរិបូរណ៍ ដើម្បីដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកភាពអភិវឌ្ឍន៍ រីកចម្រើន ប្រកបដោយសន្តិភាព និរន្តរភាព និងភាពសម្បូរ សប្បាយជារៀងរហូត៕