(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ (ខ.ភ.ម) និងជាមេបញ្ជាការដ្ឋានអង្គរក្ស បានទទួលសម្ភារៈកំចាត់មេរោគដ៏ច្រើនពីក្រុមហ៊ុន ឃ្វីននី នេតជ្រល (ខេមបូឌា) សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (Covid-19)។
សម្ភារៈនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ទទួលបានខាងលើ រួមមានស្រ្ពៃបាញ់កំចាត់មេរោគ ១០០ml x ១២កេស ស្មើនឹង ៩៦០ដប ។ ជែលកំចាត់មេរោគចំណុះ ៥០kg x ៤០ធុង ស្មើនឹង ២តោន និងជែលចំណុះ ៥០០ml x ៤០កេស ស្មើនឹង ៩៦០ដប ។ ពិធីប្រគល់នេះ បានធ្វើឡើងនៅទីបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណ ចំពោះជំនួយមនុស្សធម៌របស់ក្រុមហ៊ុន ឃ្វីននី នេតជ្រល ខេមបូឌា សម្រាប់ចែកជូនដល់កងកម្លាំងប្រើប្រាស់ ដែលសបញ្ជាក់ឲ្យឃើញនូវវប្បធម៌ចែករំលែកដ៏ល្អ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតជាសកល ។
លើសពីនេះ មេបញ្ជាការដ្ឋានអង្គរក្សដដែល ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្ដគោរព និងអនុវត្តតាមវិធានណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរាតត្បាតបន្ដទៀត ទោះបីបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានសភាពធូរស្រាលច្រើនយ៉ាងណាក៏ដោយ ពិសេសត្រូវរក្សាអនាម័យ ពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពជាចម្បង ។
ឆ្លៀតឱកាសនោះ លោកស្រី កែវ ចិន្ដា តំណាងក្រុមហ៊ុន ឃ្វីននី នេតជ្រល បានសម្ដែងការពេញចិត្ត និងរីករាយ ក្នុងការរួមចំណែកជាមួយការងារសង្គម ដែលជាផ្នែកមួយ នៃការងារមនុស្សធម៌របស់ក្រុមហ៊ុន ពិសេសក្នុងកាលៈទេសៈប្រទេសជាតិ កំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩ ក្រុមហ៊ុនបានចូលរួមជាសម្ភារៈមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត នៃជំងឺដ៏កាចសាហាវនេះ នៅក្នុងប្រទេសកម្ពុជា ។
លោកស្រីបន្ថែមថា កន្លងមកក្រុមហ៊ុន ក៏បានឧបត្ថម្ភសម្ភារៈមួយចំនួនធំ ដល់ក្រសួងយុត្តិធម៌ផងដែរ ហើយគ្រោងបន្ដឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ នាពេលឆាប់ៗខាងមុខទៀតផង៕