(កំពង់ស្ពឺ)៖ ជាថ្មីម្តងទៀតហើយដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បន្តធ្វើការផ្សព្វផ្សាយអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃការរីករាលនៃវីរុសកូរ៉ូណាថ្មី (កូវីដ១៩) ដែលជាក្តីបារម្ភរបស់ពិភពលោក ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសក្នុងតំបន់ដាច់ស្រយ៉ា ដែលនៅភូមិ ឃុំ មួយចំនួន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ការផ្សព្វផ្សាយស្តីអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់ នៃជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ធ្វើឡើងនាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០ ដែលដឹកនាំដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលស្រុកឱរ៉ាល់ និងមានការចូលរួមពីលោកវេជ្ជបណ្ឌិត គិន ប៊ុនលី, លោកវេជ្ជបណ្ឌិត តូច យ៉ាន, លោក វង្ស វ៉ាន់នី, លោកវេជ្ជបណ្ឌិត សាយ ឬទ្ធី, លោកវេជ្ជបណ្ឌិត ចៅ ពន្លឺ, លោក ឈាង ហឿន អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងជាសមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកឱរ៉ាល់ រួមនឹងក្រុមការងារគ្រូពេទ្យជាច្រើនរូបទៀតសុទ្ធសឹងតែជាសាស្រ្តាចារ្យវេជ្ជបណ្ឌិតជំនាញៗ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋានមានទំនុកចិត្តខ្ពស់សម្រាប់ការណែនាំ និងព្យាបាល។
ដំណើរចុះផ្សព្វផ្សាយរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ក៏មានការសហការចូលរួមពីកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងារថ្នាក់កណ្ដាល និងប្រធានក្រុមការងារថ្នាតិចុះជួយខេត្តកំពង់ស្ពឺ, លោក ចែម សារីម ប្រធានក្រុមប្រឹក្សាស្រុកឱរ៉ាល់, ក្រុមការងារគណបក្សស្រុក, គណបក្សឃុំតាសាល ក្នុងភូមិអន្លង់សង្កែ មណ្ឌលសុខភាព ជា ស៊ីម ស្រុកឱរ៉ាល់ រួមមាននឹងសហភាពសហព័ន្ធយុវជនកម្ពុជា។
នាឱកាសនោះ លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋានគួរតែលាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺដែលយើងសង្ស័យ និង ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គល ដែលមានរោគសញ្ញាផ្លូវដង្ហើម។
លោកបន្ថែមថា បើទោះបីជាកម្ពុជានាពេលបច្ចុប្បន្នមានការថមថយយ៉ាងខ្លាំងសម្រាប់ការព្យាបាលជូនដល់អ្នកជំងឺកូវីដ១៩ ដោយមានអ្នកជាសះស្បើយរហូតសល់១២០នាក់ក្តី សូមបងប្អូនប្រជាពលរដ្ឋគួរតែបន្តការប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួន និងគ្រប់ពេលវេលា ដើម្បីធ្វើយ៉ាងណាទប់ទល់នឹងស្ថានការណ៍បែបនេះបន្តទៀត និងត្រូវអនុវត្តទៅតាមក្រសួងសុខាភិបាលឲ្យវបានត្រឹមត្រូវ។
ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រូបនេះ ក៏បានណែនាំដល់ប្រជាពលរដ្ឋក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឲ្យចេះទុកដាក់ថ្នាំសង្កូវ និងថែរក្សាសុខភាពឲ្យបានគ្រប់ៗគ្នា ក៏ព្រោះតែរដូវធ្លាក់ភ្លៀងនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ ដែលជាហេតុនាំឲ្យបងប្អូនប្រជាពលរដ្ឋដែលមានប្រព័ន្ធការពារខ្សោយងាយនឹងកើតជំងឺផ្សេងៗ។
ជាមួយគ្នាដែរនោះ ក្រុមការងារទាំងអស់ក៏បានណែនាំ ដល់ប្រជាពលរដ្ឋពីរបៀបនៃការលាងដៃនឹងអាល់កុល ជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់នៃការចូលមេរោគក្នុងខ្លួន។ ក្រៅពីនេះក្រុមការងារក៏បានណែនាំ ឲ្យបងប្អូនប្រជាពលរដ្ឋ ឲ្យមានការរស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀតផងដែរ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ទាំងអស់ ក៏បានចែកជូននូវនំប៉័ង និងទឹកបរិសុទ្ធជូនប្រជាពលរដ្នចំនួន៣០ខ្នងផ្ទះ សរុបមានចំនួន១៦៩នាក់។
ជាងនេះទៅទៀត ក្រុមការងារទាំងអស់ក៏បានចែកជូនថ្នាំពេទ្យ រួមនិងការពិនិត្យព្យាបាលដោយឥតគិតថ្លៃ ដូចជាជំងឺសន្លាក់ឆ្អឹង, ក្រពះ និងជំងឺផ្លូវចិត្ត ក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។
ក្រៅពីការផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមការងារ ស.ស.យ.ក ស្រុកឱរ៉ាល់ ក៏បានពាំនាំសម្ភារមួយចំនួន ដែលអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេងមណ្ឌលកំពង់ស្ពឺ ដែលរួមមានដូចជា៖
១៖ ម៉ាស៊ីនវាស់កំដៅ ចំនួន១គ្រឿង សម្រាប់ប្រើនៅរដ្ឋបាលឃុំតាសាល
២៖ ទឹកអាកុល ៣ធុងធំ ចំណុះ ៩០លីត្រ
៣៖ ទឹកអាកុល និងដបបាញ់ធំ ចំនួន ១០ដប
៤៖ ទឹកអាកុល និងដបបាញ់តូច ចំនួន ៤០ដប
៥៖ មី១០កេស
៦៖ នំប៉័ង ២០០ដើម
៧៖ ទឹកសុទ្ធ ៥០០ដប
៨៖ សាប៊ូ ១០០ដុំ
៩៖ ម៉ាស់ ចំនួន ៥០០០
១០៖ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និងវិធីទប់ស្កាត់កូវីដ១៩ ចំនួន ១០០សន្លឹក។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ កម្ពុជានាពេលបច្ចុប្បន្នមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩ សរុប១២២នាក់ ខណៈមានអ្នកជាសះស្បើយកើនឡើងដល់១២០នាក់ហើយ នៅសល់តែ២នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ៕