(ភ្នំពេញ)៖ អង្គភាពការពារកុមារ (CPU) ជាការផ្តួចផ្តើមគំនិតរួមរវាង អង្គការមូលនិធិកុមារកម្ពុជា (CCF) និងនគរបាលជាតិកម្ពុជា បានរៀបចំឲ្យមានវេទិការលើកទីមួយ រវាងអាជ្ញាធរយុត្តិធម៌អូស្រ្តាលី និងអាជ្ញាធរយុត្តិធម៌កម្ពុជា ស្តីពីបទល្មើសប្រឆាំងនឹងកុមារ នៅកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខា ភ្នំពេញ ក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
វេទិការរយៈពេល២ថ្ងៃ បង្ហាញពីសមាជិកគណកម្មការពិភាគ្សាមួយចំនួន ដូចជាប្រធានចៅក្រមតុលាការ សហព័ន្ធអូស្រ្តាលី លោក ចន ផាស់ស្កូ ក៏ដូចជា ចៅក្រមព្រះរាជអាជ្ញារ និងអ្នកជំនាញឯកទេសច្បាប់ផ្សេងៗទៀត ដែលនឹងធ្វើការចែករំលែក ចំណេះដឹងនិងបទ ពិសោសធន៍ របស់គេ ជាមួយនឹងស្ថាប័នយុត្តិធម៌កម្ពុជា។
លោក ចៅក្រម ផាស់ស្កូ បានឡើងឡើងថា «គ្រប់ប្រព័ន្ធច្បាប់ទាំងអស់តែងតែជួបប្រទះ នូវការប្រឈមពីរបៀបនៃការដោះស្រាយ ឲ្យបានត្រឹមត្រូវ និងប្រកបដយប្រសិទិ្ធភាព ចំពោះបទល្មើសប្រឆាំងនឹងកុមារ។ តែទោះជាយ៉ាងណាក៏ដោយ ដោយមានការប្តេជ្ញាចិត្ត ការផ្តោតការយកចិត្តទុកដាក់ និងការខំប្រឹងប្រែង យើងទាំងអស់គ្នា អាចបង្កើតឲ្យមានភាពខុសប្លែកប្រកប ដោយលក្ខណៈវិជ្ជមាន មួយ។ លើសពីនេះទៅទៀត យើងទាំងអស់គ្នា អាចរៀនសូត្រពីគ្នាទៅវិញទៅមកបាន»។
លោក ជេម ម៉ាក់ខេប នាយប្រតិបត្តិអង្គភាពការពារកុមារ បានលើកឡើងថា វេទិកានេះ នឹងផ្តល់ឳកាសសម្រាប់អង្គភាពអនុវត្តច្បាប់ ក្នុងស្រុកឲ្យទទួលបាននូវចំណេះដឹង ដ៏មានតម្លៃមួយពីសមភាគីអន្តរជាតិទាំងអស់។ តាមរយៈការកសាងទំនាក់ទំនងការងារ ដ៏រឹងមាំមួយ និងការយោគយល់គ្នាទៅវិញទៅមក យើងអាចធ្វើការជាមួយគ្នា ហើយអាចជួយដល់អ្នកទាំងឡាយណា ដែលមិនអាច ជួយខ្លួនឯងបាន។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍនា បានថ្លែងថា «នេះជាវេទិកាដ៏កម្រមួយ ដែលមានសារសំខាន់ ក្នុងការចូលរួមចំណែក ផ្សព្វផ្សាយច្បាប់ ក៏ដូចជាជំនាញបច្ចេកទេស ជូនដល់ចៅក្រម ព្រះរាជអជ្ញា ដែលជាអ្នកអនុវត្តន៍ច្បាប់ផ្ទាល់ ដើម្បីស្វែងយល់ឲ្យកាន់តែ ស៊ីជម្រៅ ដើម្បីប្រមូលភស្តុតាងដូចជាការសម្ភាសន៍កុមារ ការប្រើប្រាស់ឧបករណ៍ ខ្សែអាត់សំឡេង វីដេអូ ព្រទាំងការសិក្សា ពន្យល់ លើករណីជាក់ស្តែងរបស់ក្រុមព្រះរាជអជ្ញាជំនាញអូស្ត្រាលីនៅរយៈពេល២ថ្ងៃនេះ »៕
តាំងពីការចាប់ផ្តើមឡើងពីឆ្នាំ២០១៣ អង្គភាពការពារកុមារ បានធ្វើការស៊ើបអង្កេតលើបទល្មើសចំនួន៥៧៥ករណី ពីបទបំពានលើកុមារ បទរំលោភសេពសន្ធវៈ និងអំពើមនុស្សឃាត ដែលនាំដល់ការចាប់ខ្លួនបានចំនួន៤៦០នាក់។ ក្នុងឆ្នាំ២០១៥ អង្គភាពការពារកុមារ បានធ្វើការស៊ើបអង្កេតលើបទល្មើសចំនួន២៩៣ករណី ដែលក្នុងនោះមាន ៣០ករណី គឺជាករណីអំពើមនុស្សឃាតលើកុមារដែលមាន អាយុក្រោម ១៥ឆ្នាំ៕