(កំពង់ឆ្នាំង)៖ រថយន្តយីឌុបធន់ធំចំនួន ៤គ្រឿង ដឹកសត្វគោក្របីចេញពីប្រទេសថៃចំនួន ៣គ្រឿង និងចេញពីខេត្តបាត់ដំបង ១គ្រឿង ជារបស់ក្រុមហ៊ុនអង្គរសុខសែនជ័យ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ចូលទៅប្រទេសវៀតណាម ត្រូវបានកម្លាំងរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់កាលពីយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដើម្បីត្រួតពិនិត្យឯកសារពាក់ព័ន្ធមួយចំនួន ក្នុងការដឹកជញ្ជូន។
លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះថា រថយន្តដឹកគោក្របីទាំង៤ គ្រឿង គឺកម្លាំងសមត្ថកិច្ចជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលលិតកម្មសត្វ សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត បានចាប់ឃាត់ ក្នុងគោលបំណងដើម្បីយកមកត្រួតពិនិត្យលិខិតបទដ្ឋានផ្សេងៗ ដូចជា លិខិតបញ្ជាក់អំពីសុខភាពសត្វជាដើម។
លោកបានបន្តឲ្យដឹងទៀតថា «មកដល់ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះ ក្រុមជំនាញបានរកឃើញថារថយន្តដឹកសត្វគោក្របីទាំង ៤គ្រឿងនេះ ពុំមានលិខិតបញ្ជាក់អំពីសុខភាពសត្វនោះទេ និងមួយទៀត ក្រុមជំនាញក៏រកឃើញថា រថយន្តទាំង ៤គ្រឿងនេះគឺមានការដឹកលើសចំនួនផងដែរ។ ជាក់ស្ដែងមានរថយន្តមួយគ្រឿង ក្នុងឯកសារគឺមានការអនុញ្ញាតឲ្យដឹកចំនួនតែ ១០ក្បាលប៉ុណ្ណោះ តែផ្ទុករហូតទៅដល់ជាង ៣០ក្បាល ដូច្នេះរថយន្ត ៣គ្រឿងផ្សេងទៀតក៏មានផ្ទុកលើសចំនួនដូចៗគ្នា»។
បច្ចុប្បន្ននេះ ខាងការិយាល័យផលលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្ត បានបូមឈាមសត្វគោក្របីទាំងនេះ ដើម្បីយកទៅពិនិត្យរករោគសញ្ញាផ្សេងៗនៅមន្ទីរពិសោធន៍នៃវិទ្យាស្ថាន សុខភាពសត្វ និងផលិតកម្មសត្វនៅឯទីក្រុងភ្នំពេញ ប្រសិនបើលទ្ធផលវិជ្ជមានពាក់ព័ន្ធទៅនឹងរោគសញ្ញាណាមួយនោះ និងអនុវត្តតាមនីតិវិធី។ តែបើរកមិន ឃើញមានរោគសញ្ញាអ្វីនោះទេ និងកោះហៅម្ចាស់ក្រុមហ៊ុន ដើម្បីមកធ្វើការផាកពិន័យអន្តរកាល ស្របទៅនឹងច្បាប់ផលលិតកម្ម និងបសុព្យាបាលក្នុងជំពូកទី២០ មាត្រា១១៣។
ជុំវិញបញ្ហាខាងលើនេះផងដែរ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០នេះ តំណាងក្រុមហ៊ុនអង្គរសុខសែនជ័យ បានឲ្យអង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទថា ក្រុមហ៊ុនលោក បានរកស៊ីដឹកសត្វគោក្របីទៅប្រទេសវៀតណាម អស់រយៈពេលជាង ១០ឆ្នាំមកហើយ គឺក្រុមហ៊ុនរបស់លោកមានច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រឹមត្រូវ ដោយមានគោលការណ៍អាចដឹកសត្វគោក្របីនៅក្នុងមួយឆ្នាំ១ដង អាស្រ័យទៅលើការប្រមូលទិញរបស់ក្រុមហ៊ុន។
ដោយឡែក សត្វគោក្របីទាំង ៤រថយន្តខាងលើនេះ លោកបានប្រមូលទិញពីប្រទេសថៃចំនួន ៣រថយន្ត ដើម្បីដឹកចូលទៅប្រទេសវៀតណាម។ នៅពេលដែលបានយកសត្វគោក្របីទាំងនោះ មកដល់មាត់ច្រកអូរបីជាន់ព្រំដែនថៃ-កម្ពុជា មុនឡើងរថយន្ត លោកក៏បានយកលិខិតពាក់មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅសុំប្រតិវេទន៍បំពេញ បែបបទក្នុងការដឹកជញ្ជូន ឆ្លងកាត់គយ ក្នុងនោះមានចំនួនកាត់ក្នុងពាក់មីក្នុង ១ឡាន ៣០ក្បាល ដែលបានបង់ប្រតិវេទន៍គយ នាំឆ្លងកាត់ក្នុងពេលចេញមួយលើកៗ ហើយក៏មានចារពីពេទ្យសត្វនៅដើមទី គឺនៅច្រកអូរបីជាន់ ដោយគេបានពិនិត្យសុខភាពសត្វរួចរាល់ ថែមទាំងបានចារឯកសារពាក់មីដោយចារពីខាងខ្នង ទាំងលេខឡានចារទាំងចំនួនក្បាលសត្វផងដែរ។
លោកក៏បានទទួលស្គាល់ផងដែរថា ករណីនេះគឺកំហុសបណ្ដាលមកពីការដឹកលើសចំនួនសត្វខ្លះហើយ ដោយសារតែរថយន្តខ្លះយើងទិញមេគោ ឬក្របី គឺទិញបសនទាំងមេទាំងកូន ដូច្នេះវាអាចលើសចំនួនខ្លះមិនខានឡើយ។
លោកមិនបានបដិសេធនោះទេ ហើយលោកនឹងត្រៀមខ្លួនចូលទៅធ្វើការផាកពិន័យអន្តរការជាមួយមន្ត្រីជំនាញទៅតាមច្បាប់រួចរាល់ហើយដែរ ដោយមិនមានការគេចវេសឡើយ។ តែលោកក៏បានសំណូមពរ និងស្នើសុំដល់មន្ត្រីដែលពាក់ព័ន្ធមេត្តាពន្លឿនក្នុងការធ្វើសំណុំបែបបទឲ្យបានឆាប់យ៉ាងណាក៏ត្រូវអស់ លោកមានចិត្តអាណិតដល់សត្វដែលអត់ទឹកអត់ចំណី ជាច្រើនថ្ងៃមកហើយនោះ ពិសេសគឺសត្វក្របី វាត្រូវការទឹកត្រាំជាប្រចាំ។
ម្យ៉ាងខ្លាចមានសត្វគោក្របីងាប់ លោកនឹងត្រូវខាតបង់ជាមិនខានឡើយ ហេតុនេះហើយទើបលោកសំណូមពរដល់មន្ត្រីពាក់ព័ន្ធទាំងអស់មេត្តាពន្លឿនក្នុងការធ្វើកិច្ចការនេះ ដើម្បីបានដឹកឲ្យទៅដល់គោលដៅក្នុងពេលឆាប់ៗ ចៀសវាងមានការគ្រោះថ្នាក់ដល់ជីវិតពួកវា៕