(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋក្រីក្ររស់នៅតំបន់លើភ្នំជាប់ព្រំដែនថៃ ស្ថិតក្នុងភូមិជាំ (អូរថ្ម) ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ ទទួលបានអំណោយសង្រ្គោះបន្ទាន់ ពីក្រុមហ៊ុនឯកជនឈ្មោះថា សាម៉នខេមរៈអភិវឌ្ឍន៍។
លោក ផល សាម៉ន តំណាងក្រុមហ៊ុនសាម៉នខេមរៈអភិវឌ្ឍន៍ បានថ្លែងថា ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ស្របតាមទិសដៅ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមហ៊ុនសាម៉នខេមរៈអភិវឌ្ឍន៍ តែងសហការជាមួយអជ្ញាធរមូលដ្ឋាន នាំអំណោយមកចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្ត្រីមេម៉ាយ ក្មេងកំព្រាជាប្រចាំ ដើម្បីជួយសម្រួលការខ្វះខាតរបស់គាត់។ ជាក់ស្តែងថ្ងៃនេះ ក្រុមហ៊ុនបាននាំអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២៦គ្រួសារ តាមខ្នងផ្ទះ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ ១យួរ ទឹកបរិសុទ្ធ១យួរ និងថវិកាមួយចំនួន។
លោក ផល សាម៉ន បានគូសបញ្ជាក់ថា ក្រុមការងារបាននាំអំណោយចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដោយមិនធ្វើការប្រមូលផ្តុំនោះទេ ការធ្វើបែបនេះ គឺក្នុងគោលបំណងរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ លោកក៏ធ្វើការណែនាំប្រជាពលរដ្ឋ ត្រូវអនុវត្តឲ្យបានទៀងទាត់តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ១៩ កុំឲ្យកើតមានលើសមាជិកគ្រួសារ និងសហគមន៍។
ប្រជាពលរដ្ឋបានសម្តែងនូវការអរគុណ ចំពោះក្រុមហ៊ុនសាម៉នខេមរៈអភិវឌ្ឍន៍ ក៏ដូចជាអជ្ញាធរមូលដ្ឋាន ដែលបានគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ពួកគាត់ ព្រោះស្របពេលដែលជំងឺកូវីដ១៩ កំពុងតែកើតមានឡើងនៅលើសកលលោក បានធ្វើឲ្យជីវភាពរស់នៅរបស់ពួកគាត់ជួបបញ្ហា ដែលកាលពីមិនទាន់មានជំងឺកូវីដ១៩នេះ ពួកគាត់រស់នៅតាមព្រំដែនអាចប្រកបរបរទទួលទានបានដូចជារុញរទេះទំនិញ រត់មូតូឌុបនិងលក់ដូរ...ជាដើម។
ជាមួយគ្នានោះ ប្រជាពលរដ្ឋបានសំណូមពរដល់អជ្ញាធរដែនដី ក៏ដូចជារាជរដ្ឋាភិបាលក្រោយជំងឺកូវីដ១៩នេះផុតរលត់ទៅ សូមជួយជំរុញបន្ថែមទៀត លើការអភិវឌ្ឍតាមព្រំដែន ដើម្បីលើកម្ពស់ជីវភាពប្រជាពលរដ្ឋ៕