(ភ្នំពេញ)៖ ប្រាក់ចំណូល២១០លានដុល្លារ កម្ពុជាទទួលបានពីការនាំចេញអង្ករ៣០ម៉ឺនតោន នៅរយៈពេល៤ខែ ដើមឆ្នាំ២០២០នេះ ដែលបរិមាណនាំចេញនេះ មានការកើនដល់កម្រិតខ្ពស់ ជាងគេ ក្នុងរយៈពេល១០ឆ្នាំ។ នេះបើតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ។
របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា កម្ពុជា សំរេចការនាំចេញអង្ករ របស់ខ្លួន ក្នុងរយៈពេល៤ខែដំបូង នៃឆ្នាំ២០២០ បានជាង៣០ម៉ឺនតោន ដែលបរិមាណនេះ ស្មើនឹងជាង៤៨% នៃការនាំចេញសរុប របស់ឆ្នាំ២០១៩។
ការនាំចេញ៤ខែដំបូង មានចំនួន ៣០០,២៥២ តោន គឺមានកំណើនចំនួន ៤១% បើប្រៀបជាមួយ៤ខែ ដើមឆ្នាំ២០១៩ ដែលនាំចេញបានប្រមាណត្រឹម ចំនួន២១៣,៧៦៣តោនតែប៉ុណ្ណោះ។ នេះជាកំណើនមួយ ដែលគួរឲ្យកត់សំគាល់បំផុតរបស់កម្ពុជា ដែលបានសំរេចការនាំចេញ មានតួលេខខ្ពស់បំផុត ក្នុងរយៈពេល៤ខែដើមឆ្នាំ នៃការនាំចេញរបស់កម្ពុជា ក្នុងរយៈពេល១០ឆ្នាំចុងក្រោយ។
ដោយឡែកសំរាប់ខែមេសា ឆ្នាំ២០២០ ទោះបីរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយកចិត្តទុកដាក់គិតគូរយ៉ាងហ្មត់ចត់ ចំពោះសន្តិសុខស្បៀងសំរាប់ប្រជាពលរដ្ឋកម្ពុជា ដោយផ្អាកការនាំចេញ «អង្ករស» មួយរយៈពេលខ្លីក៏ដោយ ក៏ការនាំចេញអង្ករក្រអូបរបស់កម្ពុជា បានសម្រេចជាង ៦៩ពាន់តោន ដែលផ្តល់នូវតំលៃមួយយ៉ាងខ្ពស់ សំរាប់អាជីវករ និងអ្នករកស៊ី នៅក្នុងវិស័យស្រូវអង្ករ។
ការនាំចេញអង្ករកម្ពុជា ក្នុងខែមេសា ឆ្នាំ២០២០ សង្កេតឃើញថា ជាង៣៩% គឺបាននាំទៅប្រទេសនៅទ្វីបអ៊ឺរ៉ុប ជាង៣០% ទៅប្រទេសចិន ជាង១៣% ទៅបណ្តាប្រទេស នៅក្នុងរដ្ឋសមាជិកអាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ី និងព្រុយណេ ហើយ ១៨% ទៅកាន់តំបន់ផ្សេងៗ ដែលក្នុងនោះ ប្រទេសអូស្ត្រាលី ញូហ្សេឡែន មានការកើនឡើងគួរឲ្យកត់សំគាល់។ ការនាំចេញនេះ គឺមានកំណើនជាង៦១% បៀបធៀបទៅខែមេសា ឆ្នាំ២០១៩ដូចគ្នា។
ម្យ៉ាងទៀត ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០ នេះគឺប្រទេសកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន ចំនួន ៤១% ស្មើនឹង១២២,០៩៤តោន ទៅកាន់សហគមន៍អ៊ឺរ៉ុប និងប្រទេសអង់គ្លេស មានចំនួន ៣២% ស្មើ ៩៧,៣៣៧ តោន ប្រទេសនៅក្នុងសហគមន៍អាស៊ាន មានចំនួន១៣% ចំនួន ៣៧,៤២៨តោន និងបណ្តាប្រទេសផ្សេង មានចំនួន១៤% ឬ ៤៣,៣៩៣តោន។
បើពិនិត្យមើលកំណើន តាមគោលដៅនីមួយឃើញថា បណ្តាប្រទេសគោលដៅផ្សេងៗ ដែលក្នុងនោះ មានប្រទេសអូស្តាលី ញួហ្សេឡែន កាប៉ុង មានកំណើនខ្ពស់ជាង ៧៩% សហគមន៍អ៊ឺរ៉ុបមានកំណើន ៤៩% ប្រទេសក្នុងតំបន់អាស៊ាន ២៩% និងប្រទេសចិន មានចំនួន២៨% ដែលកំណើនជារួមគឺ ៤០% ប្រៀបទៅឆ្នាំ២០១៩។
បើតាមលោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ប្រាប់មកអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះថា ការកើនខ្លាំង នូវការនាំចេញអង្ករ ក្នុងរយៈពេល៤ខែចុងក្រោយនេះ ដោយសារតែកំណើនទីផ្សារសហគមន៍អ៊ឺរ៉ុប ងើបឡើងវិញ។
លោក សុង សារ៉ន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលមើលឃើញកំណើនកើនខ្លាំង រយៈពេល៤ខែនេះ កើនទៅលើទីផ្សារថ្មី របស់យើង និងកំណើនទីផ្សារ សហគមន៍អ៊ឺរ៉ុប ងើបឡើងវិញ, ទីផ្សារថ្មី យើងឃើញមាន ហុងកុង លោតខ្លាំងមែនទែន ហើយអូស្ដ្រាលី ក៏មានការកើនឡើងខ្លាំងដែរ»។
លោកបន្ដថា «ទីផ្សារថ្មី ដែលយើងកសាងមកនេះ គឺជាទីផ្សារមួយ ដែលមានគុណភាព ដែលពេញនិយម ទៅលើការប្រើប្រាស់អង្ករប្រភេទក្រអូបរបស់យើង នេះជាក្ដីសង្ឃឹមរបស់យើងមួយ សម្រាប់ពង្រីកការនាំចេញអង្ករក្រអូប នាពេលខាងមុខ»៕