(ភ្នំពេញ)៖ មូលនិធិ «ម៉ានី» ដោយមានកិច្ចសហការពីសាលារាជធានីភ្នំពេញ និងបណ្តាស្ថាប័នសមាគមសប្បុរស និងក្រុមយុវជនស្ម័គ្រចិត្តចំនួន១៥ ក្រុមផ្សេងទៀត បានរៀបចំគម្រោង សប្បុរសធម៌មួយ ហើយគម្រោងនេះនាំយកអំណោយជាអង្ករ ទឹកស៊ីអ៊ីវ ភេសជ្ជៈ និងសាប៊ូ ចំនួន១១០០០កញ្ចប់ ទៅចែកជូនដល់សង្កាត់ទាំង១០៥សង្កាត់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីសង្កាត់ទាំងនោះ ចាត់ចែងចែកជូនដល់ប្រជាជន ដែលជួបក្តីលំបាក ខណៈពួកគាត់បាននិង កំពុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ដោយឡែកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ លោក សំហេង បុរស សមាជិកក្រុមប្រឹក្សាភិបាលតំណាងលោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិ «ម៉ានី» បាននាំយកអំណោយ ទៅចែកជូន ៤សង្កាត់ ដោយមួយសង្កាត់ចំនួន១០០កញ្ចប់។
នាឱកាសនេះលោក សំហេង បុរស សមាជិកក្រុមប្រឹក្សាភិបាល មូលនិធិម៉ានី បានឲ្យដឹងថា «នេះគឺជាការចាប់ផ្តើម មួយរបស់មូលនិធិ «ម៉ានី» ហើយទៅថ្ងៃខាងមុខទៀត មូលនិធិ «ម៉ានី» នឹងខិតខំកសាងកម្លាំងសាមគ្គីភាព ឱ្យបានធំនិងទូលំទូលាយមួយ សម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នផ្សេងៗទៀតក្នុង ការជួយគាំទ្រប្រជាជនកម្ពុជានៅទូទាំងប្រទេស»។
ក្នុងន័យនេះលោក សំហេង បុរស បញ្ជាក់បន្ថែមថា ក្រុមហ៊ុនស្ថាប័ន សប្បុរសជនសាធារណជន និងប្រជាពលរដ្ឋគ្រប់ប្រភេទទាំងអស់ អាចចូលរួមជាមួយមូលនិធិម៉ានី ក្នុងការបម្រើឧត្តមប្រយោជន៍ ប្រជាជនកម្ពុជា ឱ្យបានកាន់តែច្រើននិងទូលាយថែមទៀត។
លោកក៏រំពឹងថា មូលនិធិ «ម៉ានី» អ្នកខ្លះយល់ច្រឡំ ថាមូលនិធិ «ម៉ានី» ជាផ្នែក មួយនៃសហភាពសហព័ន្ធយុជនកម្ពុជា ឬ ស.ស.យ.ក ប៉ុន្តែ លោក សំហេង បុរស បានបញ្ជាក់ថា មូលនិធិ «ម៉ានី» គឺជាស្ថាប័ន ដាច់ដោយឡែក ពី ស.ស.យ.ក ត្រូវបានផ្តួចផ្តើមឡើងអំឡុងឆ្នាំ២០១៨ ក្នុងគោលបំណង ធ្វើការងារមួយចំនួនដែលស្ថាប័នខ្លះ ដូចជា ស.ស.យ.ក ជាដើម មិនទាន់ បានធ្វើឬធ្វើមិនទាន់បានទូលំទូលាយ ពោលគឺដើម្បីបម្រើប្រជាជនកម្ពុជា ឱ្យកាន់តែទូលំទូលាយហើយ ខណៈ ស.ស.យ.ក ផ្តោតជាសំខាន់ទៅលើយុវជន មូលនិធិ «ម៉ានី» បើកទូលាយសម្រាប់មនុស្សទូទៅ។
លោក សំហេង បុរស ក៏បានក្រើនរំឭក ដល់សាធារណជនកម្ពុជា ទាំងអស់មេត្តារក្សាការប្រយ័ត្នបន្តទៀត ពោលគឺកុំមានការធ្វេសប្រហែសឡើយ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវការណែនាំនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាដើម ដើម្បីកម្ពុជាឆ្លងផុតដំណាក់កាលកូវីដ-១៩ នេះ ដោយជោគជ័យនិង សុខសប្បាយទាំងអស់គ្នា៕