(សេអ៊ូល, កូរ៉េខាងត្បូង)៖ មាននិស្សិតជនជាតិខ្មែរម្នាក់ កាលពីពេលថ្មីៗនេះត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ-១៩ (COVID-19) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ខណៈរូបនាងកំពុង ដូរជើងហោះហើរ ក្រោយចាកចេញពីប្រទេសអង់គ្លេស បំណងឆ្ពោះមកស្រុកកំណើតនៅប្រទេសកម្ពុជា។ នេះបើយោងតាមលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរប្រចាំ នៅប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០នេះ។
បើតាមលោក ឡុង ឌីម៉ង់ ពលរដ្ឋខ្មែរខាងលើនេះ មានអាយុ២១ឆ្នាំ គឺជានិស្សិតដែលកំពុងសិក្សានៅចក្រភពអង់គ្លេស ហើយនិស្សិតរូបនេះធ្លាប់មានអាការៈ ផ្តាសាយនៅអង់គ្លេស ទើបគ្រួសារគាត់ឲ្យមកស្រុកខ្មែរ ស្របពេលនឹងសាលាឲ្យសិស្សទាំងអស់សម្រាកពីការសិក្សា។ លុះធ្វើដំណើរចេញពីប្រទេសអង់គ្លេស ហើយត្រូវដូរជើងហោះហើរនៅទីក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យទី២៦ ខែមេសា ឆ្នាំ២០២០ ស្រាប់តែអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងរកឃើញថា គាត់មានផ្ទុកជំងឺកូវីដ-១៩។
លោក ឡុង ឌីម៉ង់ បានបន្ថែមថា ក្រោយរកឃើញនិស្សិតខ្មែររូបនេះបានឆ្លងជំងីកូវីដ-១៩ ដែលនាងបានកើតតាំងពីនៅអង់គ្លេសម្ល៉េះមកនោះ ភ្លាមៗខាងអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានយកគាត់ទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ ដោយយកចិត្តទុកដាក់បំផុត។ លោកថា រហូតមកដល់ថ្ងៃនេះសុខភាពរបស់និស្សិតខ្មែររូបនេះ មានភាពល្អប្រសើរ ហើយពេលណាបានជាសះស្បើយ ទើបគ្រូពេទ្យអនុញ្ញាតឲ្យគាត់បន្តដំណើរមកកាន់កម្ពុជា តែពេលមកដល់ស្រុកកំណើតវិញក៏ត្រូវធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។
សូមបញ្ជាក់ថា កាលពីពេលថ្មីនេះ នៅប្រទេសកូរ៉េខាងត្បូង ក៏មានជនជាតិខ្មែរយើងចំនួន ៣នាក់ ដែលធ្លាប់ឆ្លង COVID-19 ផងដែរ ប៉ុន្តែពួកគេក៏បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ ផងដែរ។ ជនជាតិខ្មែរទាំង ៣នាក់នោះ គឺជាស្រ្តីខ្មែររៀបការស្វាមីកូរ៉េ អាយុ២៣ឆ្នាំ និងម្តាយរបស់គាត់អាយុ៤៦ឆ្នាំ រួមជាមួយនឹងកូនប្រុសអាយុទើប ៣ខែ នៅទីក្រុងប៊ូឆុន ហើយពួកគាត់បានឆ្លង COVID-19 ពីប្តីជនជាតិកូរ៉េ។
យោងតាមគេហទំព័រ Worldometers បានបង្ហាញថា គិតត្រឹមថ្ងៃត្រង់ទី០២ ខែឧសភា ឆ្នាំ២០២០នេះ នៅប្រទេសអង់គ្លេស ដែលជាប្រទេសមហាអំណាចមួយ ក្នុងចំណោមប្រទេស មហាអំណាចទាំង៥ (កន្លែងដែលនិស្សិតខ្មែរឆ្លងកូវីដ-១៩) មានអ្នកឆ្លងកូវីដ-១៩ ចំនួន ១៧៧,៤៥៤នាក់ និងមានអ្នកស្លាប់ចំនួន ២៧,៥១០នាក់។ ចំណែក នៅកូរ៉េខាងត្បូងវិញ មានអ្នកឆ្លងកូវីដ-១៩ ចំនួន ១០,៧៨០នាក់ និងមានអ្នកស្លាប់ចំនួន ២៥០នាក់៕